ព័ត៌មានជាតិ

កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចប្រតិបត្តិការ លើកកម្ពស់វិស័យសេដ្ឋកិច្ច ដើម្បីពលរដ្ឋទាំងសងខាង និងជាស្ពានភ្ជាប់តំបន់អឺរ៉ុប និងអាស៊ាន

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងលោក អែលឈិន អាមៀបាយ៉ូវ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) មានតាំងពីយូរមកហើយថាបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នាក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេច ប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ លោក អែលឈិន អាមៀបាយ៉ូវ និងសហការី នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស លោក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

សម្តេច បានគូសបញ្ជាក់បន្តថា «ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង បានវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ ពិសេសក្រុមមិត្តភាពរដ្ឋសភាប្រទេសទាំងពីរ។ រដ្ឋសភាប្រទេសទំាងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅកម្ពុជា»។

លោកប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា ជំនួបទាំងពីរនេះ បានផ្តល់នូវឱកាសថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាកាន់តែស៊ីជម្រៅ និងសកម្មឡើង លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ជាដើម។ លោក សង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នៅខែតុលា ឆ្នាំ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះ នឹងជាការបើកទំព័រថ្មីមួយទៀត ដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ កន្លងទៅ៕

To Top