អគ្គនាយក ARDB ណែនាំកសិករ ផលិតជីធម្មជាតិ និងជីកំប៉ុស ដើម្បីធានាគុណភាព និងសុវត្ថិភាព ផលិតផលក្នុងស្រុក
កណ្តាល ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករនោះក៏មានការចូលរួមពី លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន ៥៦៥រូប។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះ មានគោលបំណងធំបំផុត ចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករយើង ។ ក្នុងនោះសមាគម នឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិត បានហើយភ្ជាប់ទៅនិងទីផ្សាររួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រឬជាយន្តដើម្បីការពារ ការរំលោភបំពានណាមួយផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងតែបាត់បង់សណ្តាប់ធ្នាប់ ប៉ុន្តែអ្វីដែលយើងបារម្ភគឺសន្តិសុខស្បៀងក្នុងស្រុក រួមមានវិស័យកសិកម្មតែម្តង ពីព្រោះថា វិស័យកសិកម្មគឺ ជាស្បៀងដែលបានផ្សារភ្ជាប់គ្នា ក្នុងការចញ្ចឹមជីវិតមនុស្សគ្រប់គ្នា ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងគ្រប់វិស័យ ទាំងការវិនិយោគលើវិស័យកសិកម្ម ជាមុខរបរស្នូលមួយជាឆ្នាំងបាយ សម្រាប់ប្រទេសទាំងមូល រួមទាំងទាំងពិភពលោកផងដែរ ។

លោកបណ្ឌិត បានមានប្រសាសន៍ទៀតថា រាល់ការលំបាក និងបញ្ហាប្រឈម គឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្ម ត្រូវការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀង ដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈជី ឡើងថ្លៃ ធ្វើឲ្យថ្លៃផលិតក្នុងវិស័យកសិកម្ម បានហក់ឡើងខ្ពស់ផងដែរ។

ជុំវិញបញ្ហាខាងលើនេះ លោកបណ្ឌិតប្រតិភូ បានណែនាំដល់កសិករទៀតថា ការឡើងថ្លៃជី គីមីនេះបងប្អូនជាកសិករ គួរនាំគ្នាផលិតជីធម្មជាតិនិងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាព ផលិតផលក្នុងស្រុកដល់អ្នកបរិភោគ ។

បន្ថែមពីនេះ ដើម្បីដោះស្រាយបញ្ហាកង្វល់នៅ ក្នុងវិស័យកសិកម្ម ដែលកសិករផលិតបានហើយគ្មានទីផ្សារនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ថា សមាគមបណ្តាញកសិករតេជោមានតួនាទីសំខាន់ៗដូចជា ធ្វើជាស្ពានចម្លងដ៏រឹងមាំ តភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន) ការភ្ជាប់ទៅបច្ចេកទេស ទីផ្សារ និងអ្នកជំនាញជួយកសិករឱ្យទទួលបាននូវ បច្ចេកវិទ្យាកសិកម្មទំនើបៗ ។

លើសពីនេះ ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ ។ ក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលាផងដែរ ៕


