សម្តេចធិបតី ៖ កម្ពុជា-វៀតណាម ឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម ធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ លោក ត្រិញ វ៉ាន់ ក្វៀត បានសម្តែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី, កម្ពុជា នឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាន នូវសមិទ្ធផលជាច្រើនបន្ថែមទៀត។

លោក ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសេីរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។

លោក បានគូសបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម នឹងបន្តជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ បានឯកភាព និងដាក់ចេញឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅដែលបានកំណត់។

ក្នុងនោះសម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងនូវការរីករាយ ចំពោះទំនាក់ទំនងដ៏ល្អ រវាងរដ្ឋនិងរដ្ឋ, បក្សនិងបក្ស ក៏ដូចជាប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចធិបតី ក៏បានរំលេចនូវប្រវត្តិសាស្ត្រ នៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះថា ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា។

ក្នុងន័យនេះ, សម្តេចធិបតី បានគូសបញ្ជាក់ ពីការបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែង ត្រូវបន្តពូនជ្រំ និងពង្រីកឱ្យកាន់តែរីកចម្រើន តាមរយៈស្មារតីសាមគ្គីភាព របស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
សម្ដេចធិបតី និងលោក ត្រិញ វ៉ាន់ ក្វៀត បានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, វប្បធម៌ និង ទេសចរណ៍ ក៏ដូចជាការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជាដើម៕
