ព័ត៌មានជាតិ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចុះបង្ក្រាបទីតាំងលួចនាំស្ករស ចូលមកពីប្រទេសថៃ

កំពត ៖ ក្រោយទទួលព័ត៌មានច្បាស់ ករណីលួចនាំស្ករស ចូលពីប្រទេសថៃ មកលាក់ទុកក្នុងភូមិសាស្ត្រស្រុកទឹកឈូ ដើម្បីក្លែងបន្លំជាទំនិញ របស់ប្រទេសវៀតណាម គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានចុះស្រាវជ្រាវរហូតប្រទះឃើញជាក់ស្តែង និងឈានទៅរឹបអូស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ 

យោងតាមព័ត៌មាន ពីប្រភពច្បាស់ការណ៍អំពីករណីលួចនាំទំនិញពីប្រទេសថៃ មកលាក់ទុកនៅសិប្បកម្មវេចខ្ចប់ខុសច្បាប់ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះចុះដល់គោលដៅភ្លាមៗ ។

ប្រតិបត្តិការនេះ បានរកឃើញភស្តុតាង នៃបទល្មើសដោយម្ចាស់ទីតាំងបានលួចបន្លំ ផ្លាស់ប្តូរសម្បកបាវស្ករស ដែលមានអក្សរថៃ ផ្ទេរចូលសម្បកបាវប្រើអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ ។
ពាក់ព័ន្ធនឹងករណីនេះ លោកប្រធានគណ:បញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងឡើយ ដោយឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធមកសាកសួរ រួចធ្វើកំណត់ដើម្បីស្រាវជ្រាវរកខ្សែបណ្តាញ ។

ពាក់ព័ន្ធករណីនេះ បច្ចុប្បន្ន កម្លាំងជំនាញកំពុងសហការ ជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

To Top