ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ពីស្ថានភាពព្រំដែន នៅប្រាសាទព្រះវិហារ ដែលរងការខូចខាត ដោយការវាយប្រហារពីយោធាថៃ
ព្រះវិហារ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការខូចខាតយ៉ាងដំណំបំផុត ដោយសារការវាយប្រហារ ពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥កន្លងទៅ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនដល់ប្រធានបេសកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុត ដោយសារការវាយប្រហារពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍ នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ ។

វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕







