ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ ។

ការប្រារព្ធទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជន កម្ពុជាគ្រប់រូប ចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ។

ជាការពិតណាស់ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុក នូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧មករា ១៩៧៩ ក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ ។ ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលយើងទាំងអស់គ្នា តែងចងចាំជានិច្ច​ នូវគុណបំណាច់ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។

លើសពីនេះទៀត នៅឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានអនុវត្ត ដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់ រួមទាំងអតីតយុទ្ធជន ត្រូវបានធ្វើសមាហរណកម្ម ទៅក្នុងកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និង អតីតយុទ្ធជនតែមួយ ធ្វើឱ្យទឹកដីកម្ពុជា ទទួលបាននូវឯកភាពជាតិ សុខសន្តិភាពគ្របដណ្តប់លើផ្ទៃប្រទេស ទាំងមូល ដែលប្រការនេះ បានធ្វើឱ្យប្រជាជនគ្រប់រូបចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហានរបស់អតីត យុទ្ធជន ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ផ្អែកលើគុណបំណាច់ខាងលើ រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែល បង្ហាញឱ្យឃើញ នូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧,២៨១នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុប ចំនួន ១៧៧,៨៧៧នាក់ ដែលកំពុងទទួលប្រាក់ របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១៩,៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៦២,៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥៧,៩៥៥នាក់ ព្រមទាំងអ្នកក្នុងបន្ទុកចំនួន ១៥,៤៧៩នាក់៕

To Top