សម្តេចធិបតី ៖ វិមានឈ្នះឈ្នះ មិនមែនកសាងឡើង ដើម្បីរំលឹកដល់សម្តេចតេជោ តែម្នាក់នោះទេ តែសម្រាប់ប្រជាជាតិ និងប្រជាជនទាំងមូល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ឡើងវិញថា ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ កសាងឡើងមិនមែន សម្រាប់រំលឹកដល់សម្តេចតេជោ ហ៊ុន សែន តែម្នាក់នោះទេ តែគឺសម្រាប់រំលឹកនឹកដល់វីរភាព ប្រតិបត្តិករនយោបាយឈ្នះឈ្នះទាំងអស់ ពោលសម្រាប់ប្រជាជាតិ និងប្រជាជនខ្មែរគ្រប់រូប ដែលចូលរួមនាំឱ្យខ្មែរ ឈប់កាប់សម្លាប់គ្នា និងបញ្ចប់សង្គ្រាមផ្ទៃក្នុង ។

ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលមហោស្រពកោះពេជ្រ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានរំលឹកថា ខ្មែរធ្លាប់ធ្វើសង្គ្រាមផ្ទៃក្នុង រាប់សតវស្សន៍ ដោយមានការកាប់សម្លាប់គ្នា ប៉ុន្តែដោយសារការសម្របសម្រួល ពីនយោបាយឈ្នះឈ្នះទើបធ្វើឱ្យខ្មែរឈប់សម្លាប់គ្នា ហើយរួបរួមគ្នា រហូតចារទុកជាប្រវត្តិសាស្ត្រ តាមរយៈការកសាងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដោយរៀបចំចារិកទុកនៅដំណើរការជាច្រើន ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបកស្រាយនឹងការយល់ច្រឡំថា ស្តូបនៃវិមានឈ្នះឈ្នះ គឺធ្វើឡើងរំលឹកគុណតែសម្តេចតេជោ និងថ្នាក់ដឹកនាំកំពូលៗប៉ុណ្ណោះ គឺមិនត្រឹមត្រូវនោះទេ ។

ទោះជាយ៉ាងណាក៏ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានឃើញដែរថា រូបភាពសម្តេចតេជោ ត្រូវបានឆ្លាក់យ៉ាង ច្បាស់ជាងគេ ប៉ុន្តែវិមានឈ្នះឈ្នះគឺរំលឹក ទៅដល់រួមទាំងស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តករនយោបាយ ឈ្នះឈ្នះទាំងអស់ ខណៈប្រតិបត្តិករទាំងនេះ មានគ្រប់ភាគី ទាំងថ្នាក់ដឹកនាំពីលើ រហូតដល់យោធិនម្នាក់ៗ រហូតដល់ប្រជាពលរដ្ឋម្នាក់ៗ ដែលចូលរួមធ្វើឱ្យនយោបាយ ឈ្នះឈ្នះជោគជ័យ ។

សម្តេចធិបតី មានប្រសាសន៍ថា “ប៉ុន្តែដែលចង់បញ្ជាក់នោះគឺថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺសំដៅប្រជាជាតិខ្មែរទាំងមូល ប្រជាជនខ្មែរទាំងមូល ពិតណាស់គោលនយោបាយនេះ ត្រូវបានស្ថាបនាផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ការដឹកនាំចូលរួម របស់ប្រតិបត្តិករសំខាន់ៗនៅខាងលើ គ្រប់ភាគីទាំងអស់ ប៉ុន្តែគឺដើម្បីរំលឹក ទៅអ្នកចូលរួមទាំងអស់ ដែលរួមទាំងយោធិនគ្រប់ភាគី រួមទាំងអតីតយុទ្ធជននៅទីនេះ ដែលធ្លាប់ឆ្លងកាត់សង្គ្រាម”៕






