ព័ត៌មានជាតិ

៤ខែ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ ចាប់ពីខែមករា​ដល់មេសា កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់ បើធៀបនឹងរយៈពេលដូចគ្នា ថយចុះ៤ភាគរយ ។

លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស នៃកម្ពុជាសម្រាប់រយៈពេល៤ ខែ ដើមឆ្នាំ២០២៦កម្ពុជាមានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន២,៤២៨,០០៩ នាក់ មានការថយចុះប្រមាណ៤% បើធៀបទៅនឹងរយៈពេល´៤ខែដូចគ្នាឆ្នាំ២០២៥ ។
 
លោកបន្តថា សម្រាប់ចលនាជើងហោះហើរ ចេញ-ចូល មានជាង២ម៉ឺនជើង មានការកើនឡើងប្រមាណ២% បើធៀបទៅនឹងរយៈពេល´៤ខែដូចគ្នាឆ្នាំ២០២៥ ។ ចំពោះទំនិញតាមផ្លូវអាកាស ចេញ-ចូល មានជាង៣០ ពាន់តោន មានការកើនឡើងប្រមាណ៣៦% បើធៀបទៅនឹងរយ:ពេល´៤ខែដូចគ្នាឆ្នាំ២០២៥ ។
 
លោកបន្ថែមថា បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិការហោះហើរមានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ចំនួន ៥២ ជើងក្នុងមួយសប្ដាហ៍ ។ ក្នុងនោះ មានជើងហោះហើរ ៤៦ ជើងក្នុងមួយសប្តាហ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង៦ ជើងក្នុងមួយសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។
 
អ្នកនាំពាក្យបានឱ្យដឹងទៀតថា សម្រាប់ការតភ្ជាប់ដោយផ្ទាល់មកកាន់កម្ពុជា តាមមជ្ឈមណ្ឌលអាកាសចរណ៍មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្ររួមមាន ៖ ក្រុមហ៊ុន Qatar Airways , Emirates Airlines , ​Etihad Airways  និងTurkish Airlines ។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីជាខ្សែភ្ជាប់សំខាន់របស់កម្ពុជា ទៅកាន់៖ អឺរ៉ុប, អាមេរិកខាងជើង, អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។ មជ្ឈមណ្ឌលអាកាសចរណ៍ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា៕

To Top