រដ្ឋមន្រ្តីសុខាភិបាល ប្រកាសដាក់ឱ្យដំណើរការ ថ្នាលទិន្នន័យ DHIS2
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 ដែលជាជំហានសំខាន់មួយឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលរឹងមាំ ឆ្លាតវៃ និងមានភាពធន់ សម្រាប់ប្រជាជនកម្ពុជា។
កម្ពុជាកំពុងពន្លឿនកំណែទម្រង់ប្រព័ន្ធសុខាភិបាលឌីជីថល តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធ HMIS (Health Management Information System) ទៅកាន់ប្រព័ន្ធ DHIS2 (District Health Information Software 2) ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអន្តរជាតិ។
ការកែទម្រង់ដ៏សំខាន់នេះ នឹងជួយពង្រឹងអភិបាលកិច្ច បង្កើនសមត្ថភាពភ្ជាប់ទិន្នន័យសុខាភិបាល ពង្រឹងអធិបតេយ្យភាពលើប្រព័ន្ធព័ត៌មាន និងគាំទ្រការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគុណភាពកាន់តែប្រសើរ ។
ក្រសួងសុខាភិបាលក៏កំពុងវិនិយោគលើធនធានមនុស្ស សមត្ថភាពឌីជីថល និងការកសាងស្ថាបត្យកម្មព័ត៌មានសុខាភិបាលជាតិទំនើប ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕











