ក្រសួងការងារ នាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោមស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋាន ប្រមាណជាង ៧០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃ និងយុវជននៅក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់។

លោក យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅក្នុងវេទិកាការងារនេះ មានតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៣ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់នូវកម្លាំងពលកម្មសរុបជាង ៥ ០០០កន្លែង ក្នុងចំណោមឱកាសការងារ សរុបទូទាំងប្រទេសដែលមានរហូតដល់ជាង ៩ម៉ឺនកន្លែង។

ជាមួយគ្នានេះ លោកបានលើកយកនូវចំណុចប្រៀបធៀបយ៉ាងពិស្ដាររវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានពន្យល់ថា ការចេញទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ដោយឡែក សម្រាប់ការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគ្រួសារ និងការរស់នៅជួបជុំគ្នាយ៉ាងកក់ក្តៅ បងប្អូនកម្មករនិយោជិតនឹងទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីថ្ងៃចូលធ្វើការ រួមមានការគាំពារផ្នែកហានិភ័យការងារប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ដែលជួយលើកទឹកចិត្តឱ្យបងប្អូនទៅពិនិត្យសុខភាពបានទៀងទាត់ ជួយឱ្យសុខភាពកាន់តែប្រសើរ និងបង្ការជំងឺធ្ងន់ធ្ងរបានទាន់ពេលវេលា ព្រមទាំងទទួលបានរបបប្រាក់សោធន ឬប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ដែលជួយសម្រាលបន្ទុកគ្រួសារ និងធានាបាននូវជីវភាពសមរម្យនៅវ័យជរា។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ឱ្យងាកមកសាកល្បង ចាប់យកឱកាសការងារ ក្នុងស្រុកដែលកំពុងផ្តល់ជូននេះ ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្តោះអាសន្ន ឬអាចសម្រេចចិត្តដាក់ពាក្យ ទៅធ្វើការនៅប្រទេសផ្សេងៗ ដែលមានប្រាក់ខែខ្ពស់ និងមានសុវត្ថិភាពជាង ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ជាដើម។ លោកបានរំឭកថា ចំណុចនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តព្រះវិហារ ដែលធ្លាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ភាគីថៃនាពេលកន្លងមក។ ក្នុងករណីដែលយុវជន ឬអតីតពលករ មិនមានបំណងធ្វើការតាមរោងចក្រ ឬចេញទៅក្រៅប្រទេស លោកបានណែនាំឱ្យជ្រើសរើស យកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លាននាក់ ដែលជាកម្មវិធីសិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង លើជំនាញផ្សេងៗរួមមានផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ការដុតនំ ឆុងកាហ្វេ និងសម្អាងផាត់មុខ អ៊ុតសក់ ធ្វើក្រចកជាដើម ដើម្បីយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ការមានជំនាញពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កត់ត្រា និងចងចាំលេខទូរស័ព្ទ Hotline ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះរកការងារ ឬសាកសួរព័ត៌មានផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕















