រដ្ឋមន្រ្តីសុខាភិបាល ជួបពិភាក្សា ជាមួយទូតកម្ពុជាប្រចាំ UN ផ្តោតលើវិស័យសុខាភិបាល
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ស្វែងយល់ពីស្ថានភាព និងការជំរុញទំនាក់ទំនងលើវិស័យសុខាភិបាលកម្ពុជា និងប្រទេសស្វីស។

ក្នុងជំនួបរវាងភាគីទាំងពីរធ្វើឡើងនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រៅពីពិភាក្សាលើវិស័យសុខាភិបាលហើយ ភាគីទាំងពីរក៏បានផ្តោតជាពិសេសប្រទេសសហគមន៍អឺរ៉ុប មុនដំណើរការមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ជំនួបនេះ ក៏បានពិនិត្យមើលការរៀបចំយុទ្ធសាស្ត្រ និងឯកសារសំខាន់ៗដែលគណៈប្រតិភូកម្ពុជានឹងលើកយកទៅពិភាក្សាក្នុងមហាសន្និបាតសុខភាពពិភពលោក លៀកទី៧៩។ ភាគីទាំងពីរបានផ្តោតលើអាទិភាពជាតិ រួមមាន ៖ ការពន្លឿនវឌ្ឍនភាពឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពសកល , ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ និងការអនុវត្តគំនិតផ្តួចផ្តើមសុខភាពតែមួយ (One Health) និងបញ្ហាសំខាន់ៗជាច្រើនទៀត។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម សុខភាពសកល ខណៈឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃទីក្រុងហ្សឺណែវ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសុខភាពរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា និងទីស្នាក់ការតំណាងអចិន្ត្រៃយ៍ នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នឹងបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា៕

