DAP News
ព័ត៌មានជាតិ

អាជ្ញាធរ បិទចរាចរណ៍ឈប់ ឱ្យប្រើផ្លូវវាង និងបើកឱ្យចរាចរណ៍ លើស្ពានដែកបេឡេតិ៍ ឆ្លងកាត់ស្ទឹងមេទឹក

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទឈប់ឱ្យប្រើប្រាស់ ផ្លូវវាងក្រាលដីល្បាយថ្ម និងការបើកឱ្យធ្វើចរាចរណ៍ លើស្ពានដែកបេឡេតិ៍ ឆ្លងកាត់ស្ទឹងមេទឹក ស្ថិតនៅវាលវែង ខេត្តពោធិ៍សាត់។

បើតាមសេចក្ដីជូនដំណឹង, ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំងបណ្តាលឱ្យផ្លូវវាង ក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះបាក់ស្រុត និងលែងធ្វើចរាចរណ៍បាន។

ជាមួយគ្នានេះដែរការងារជួសជុលពង្រឹងស្ពានដែកបេឡេតិ៍ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់។ ដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការ ហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមជូនដំណឹង ពីការឈប់ឱ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹកចាប់ពីពេលនេះតទៅ នឹងបើកឱ្យ ធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ជំនួសវិញ។

ប្រភព ដដែល ក៏បានណែនាំប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមេត្តាបង្កើនការ ប្រុងប្រយ័ត្ន គោរពតាមច្បាប់ចរាចរណ៍ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបាន ខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់៕

To Top