ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣”
ភ្នំពេញ៖ នាព្រឹកថ្ងៃថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួង អភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣” ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើក លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតសំខាន់ លើការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាព ដើម្បីតភ្ជាប់ និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន និងទីក្រុង ផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះ នៃការបង្កើន ប្រាក់ចំណូល របស់គ្រួសារ នៅក្នុងតំបន់ជនបទ ដូចពាក្យស្លោក “មានផ្លូវ មានសង្ឃឹម” ព្រមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញប្រសិទ្ធភាព នៃវិស័យភស្តុភារកម្មផងដែរ ។ ក្នុងន័យនេះ ក្រសួងបានធ្វើការកែទម្រង់ជាច្រើន លើកិច្ចការស្ថាបនាផ្លូវជនបទ ប្រកបដោយគុណភាព ដើម្បីធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយដែលអាចឱ្យគ្រួសារ ប្រជាពលរដ្ឋនៅជនបទប្រើប្រាស់បានគ្រប់រដូវកាល ។

សិក្ខាសាលាពិគ្រោះយោបល់ បានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញ ដោយសង្ខេបអំពីសេចក្តីព្រាងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។ ជាមួយគ្នានោះដែរ អង្គសិក្ខាសាលា បានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងក្លាយជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ ប្រើប្រាស់ក្នុងការ អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទ។

បន្ទាប់បទបង្ហាញ និងកិច្ចពិភាក្សារួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ចំពោះកិច្ចដែលខិតខំរៀបចំសេចក្តីព្រាងផែនការ យុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ បានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមកិច្ចពិភាក្សា និង ផ្តល់ជាធាតុចូលយ៉ាងសកម្ម ក្នុងអង្គសិក្ខាសាលា ដ៏មានសារៈសំខាននាពេលនេះ ដើម្បីឱ្យការរៀបចំផែនការ យុទ្ធសាស្រ្តនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារ បច្ចេកទេស ដែលទទួលរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ត្រូវពិនិត្យ និងដាក់បញ្ចូលនូវរាល់ធាតុចូល ដែលទទួលបានពីអង្គសិក្ខា ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យផែនការយុទ្ធសាស្រ្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ឱ្យបានគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានជោគជ័យ ប្រកបដោយភាពប្រាកដនិយម ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ៕



