ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហួត ហាក់ ស្នើវិស័យឯកជន បន្តជួយផ្សព្វផ្សាយ ស្ថានភាពវិជ្ជមាន និងសក្តានុពលទេសចរណ៍ របស់កម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យលោកស្រី Zhuyun Wu អគ្គនាយិកាក្រុមហ៊ុន NWC Investment បន្តជួយផ្សព្វផ្សាយ អំពីស្ថានភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសកត្តាសុខសុវត្ថិភាព និងសក្តានុពលទេសចរណ៍ ដ៏ទាក់ទាញ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ដល់ប្រជាជនចិន ។

ការស្នើរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងឱកាសអនុញ្ញាតជូនលោកស្រី Zhuyun Wu អគ្គនាយិកាក្រុមហ៊ុន NWC Investment និង សហការី ចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍ ពីសកម្មភាពក្រុមហ៊ុន និងពិភាក្សាការងារ ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោកស្រី Zhuyun Wu បានគោរពរាយការណ៍ជូនពីសកម្មភាពការងារ និងគម្រោងសម្រេចកន្លងមក របស់ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំមុខ លើការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុនអន្តរជាតិធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ លោកស្រីអគ្គនាយិកា បានគោរពស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីរដ្ឋមន្រ្តីលើគម្រោងផលិត MV ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារចិន ឱ្យកាន់តែសកម្ម និងទូលំទូលាយផងដែរ ជាពិសេសក្នុងអំឡុង យុទ្ធនាការ លើកលែងទិដ្ឋាការដល់ ប្រជាជនចិនសាកល្បង និងទស្សនាកម្ពុជា នារដូវកាលបៃតង។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់ របស់ក្រុមហ៊ុនក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិយាយជារួម និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យកាន់តែច្រើន និយាយដោយឡែក។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសកត្តាសុខសុវត្ថិភាព សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងកាលានុវត្តភាពវិនិយោគដ៏ល្អ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ទាំងនៅកម្ពុជា និងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជា បានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកកម្ពុជាកាន់តែច្រើន ក្នុងរដូវដ៏ពិសេស គឺរដូវកាលបៃតង៕

To Top