ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ នឹងចូលរួមទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣ នៅប្រទេសចិន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា និងផ្នែកឯកជនវិស័យទេសចរណ៍កម្ពុជា ចូលរួមព្រឹត្តិការណ៍ “ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣” និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ “ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣” រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជាដល់ប្រជាជនចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងលើវិថីដើរ Qilou ដ៏ល្បីជាប្រវត្តិសាស្ត្រ របស់ទីក្រុងហៃគូ ដែលមានទេសចរ រាប់ម៉ឺននាក់ ដើរកម្សាន្តជារៀងរាល់ថ្ងៃ ដោយមានការសម្តែងសិល្បៈបុរាណ និងសហសម័យកម្ពុជា-ចិន និងការដាក់តាំងបង្ហាញ នូវផលិតផលរបស់កម្ពុជាផងដែរ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ ប្រជាជនចិន ដែលរៀបចំឡើងក្នុងការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍ របស់កម្ពុជា និងការអនុវត្តសាក ល្បងការលើកលែងទិដ្ឋាការ សម្រាប់ទេសចរចិន មកទស្សនាកម្ពុជា ដែលនឹង ត្រូវចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដល់ប្រតិបត្តិករទេសចរណ៍ចិន នៅក្នុងខេត្តហៃណាន ដើម្បីឱ្យបានជ្រួតជ្រាប និងអាច រៀបចំកញ្ចប់ទេសចរណ៍មកកម្ពុជា បានទាន់ពេលវេលា ក៏ដូចជាអាចភ្ជាប់ទំនាក់ទំនងធុរកិច្ច ជាមួយផ្នែកឯកជន វិស័យទេសចរណ៍កម្ពុជា ដែលនឹងចូលរួមកម្មវិធីនេះផងដែរ។ កម្មវិធីនេះ រំពឹងថានឹងមានអ្នកចូលរួមមកពី ក្រុមហ៊ុនទេសចរណ៍ធំៗក្នុងខេត្តហៃណាន និងប្រតិបត្តិករទេសចរណ៍ចិន សរុបប្រមាណជាង ២០០រូប។

ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ លោករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយអភិបាលខេត្តហៃណាន អភិបាលក្រុងហៃគូ អភិបាលក្រុងសានយ៉ា សមាគមទេសចរណ៍ និងក្រុមហ៊ុន ទេសចរណ៍ធំៗ ក្នុងខេត្តហៃណាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់ កម្ពុជាបន្ថែមទៀតផងដែរ៕

To Top