ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ ការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួម ការពារសត្វព្រៃ ហើយការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ តាមផ្លូវច្បាប់។

ក្រសួងបរិស្ថាន បានសម្ដែងការសោកស្តាយចំពោះការស្លាប់សត្វប្រើសមួយក្បាល ដោយសារតែមានជម្លោះជាមួយសត្វឆ្កែ របស់អ្នកស្រុកនៃសហគមន៍មូលដ្ឋានរស់នៅក្បែរព្រៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កន្លងមកនេះ។

ការអភិរក្សសត្វប្រើស នៅកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងជំរុញសក្ដានុពល ទេសចរណ៍ធម្មជាតិ ដែលផ្តល់ផលប្រយោជន៍ទាំងបង្កើត ចំណូលជូនសហគមន៍មូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ។

សូមបញ្ជាក់ថា សត្វ ប្រើស ចូលចិត្តរស់នៅជាក្រុម ឬហ្វូង លាយឡំជាមួយសត្វចតុប្បាទព្រៃផ្សេងៗ តាមតំបន់ព្រៃនានានៅកម្ពុជា។ មិនមានទិន្នន័យផ្លូវការណាមួយបញ្ជាក់ពីចំនួនសរុបពិតប្រាកដរបស់សត្វប្រើសនៅកម្ពុជានោះទេ ដោយសារតែពួកវាជាសត្វព្រៃរស់នៅពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្នសត្វប្រើស មានចំនួនតិចណាស់ និងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ នៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN (https://en.wikipedia.org/wiki/Sambar_deer)។ សត្វព្រៃ ជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន មិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ ដោយមានកាិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគំន៍មូលដ្ឋានប៉ុណ្ណោះទេ ក្រសួងបរិស្ថានបានផ្តោតសំខាន់បង្កើនគម្របបៃតង ធ្វើការដាំស្តារព្រៃ តាមរយៈយុទ្ធនាការពន្លកបៃតង ដែលជារៀងរាល់ឆ្នាំជំរុញការដាំស្តារព្រៃយ៉ាងតិច១លានដើម៕

To Top