ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល លើកពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជានៅ ចំពោះមុខរដ្ឋសមាជិក១៨៥

ភ្នំពេញ ៖ នៅចំពោះមុខរដ្ឋសមាជិក១៨៥ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសូងសុខាភិបាល បានថ្លែងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ។

សមិទ្ធផលសំខាន់ៗ របស់កម្ពុជាដែលសាស្ត្រាចារ្យ ឈាង រ៉ា បានឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦រួមមាន ៖ ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម , ការការពារហានិភ័យផ្នែកសុខភាព , ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល , ការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និងការគាំទ្រកំណែទម្រង់ WHO។

ក្នុងឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល នៅត្រឹមឆ្នាំ២០៣៥។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សុខភាពសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលនឹងកំណត់អនាគតកាលយ៉ាងជ្រាលជ្រៅបំផុត។ អនាគតនៃសុខភាពសកល គឺផ្អែកសំខាន់លើការកសាងសមត្ថភាពនៅនឹងកន្លែង សមធម៌ និងភាពចម្រុះ។

សូមបញ្ជាក់ថា ការចូលរួម និងការថ្លែងបទអន្តរាគមន៍ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជា ក្នុងការចូលរួមចំណែក ដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសម្រេចគោលដៅ «កែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ប្រកបដោយចីរភាព ៕

To Top