ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ សង្ឃឹមថា Sky Angkor Airlines នឹងពិចារណា បើកជើងហោះហើរ ពីសេអ៊ូល ទៅសៀមរាប

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន Sky Angkor Airlines នឹងពិចារណាពិនិត្យលទ្ធភាព បើកជើងហោះហើរត្រង់ ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េ ឆ្ពោះទៅខេត្តសៀមរាប នៃកម្ពុជា ។

ការលើកឡើងបែបនេះ របស់លោក ឃួន ផុនរតនៈ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Andy អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារ នៃក្រុមហ៊ុន Sky Angkor Airlines នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងជំនូបភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីស្ថានភាពទូទៅនៃការធ្វើដំណើរតាមអាកាសចរណ៍ Sky Angkor Airlines ទៅមករបស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Angkor និងបង្កើនចំនួនអ្នកទេសចរកូរ៉េ ទៅទស្សនាប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកអគ្គរាជទូតកម្ពុជា ក៏បានជម្រាបលោក Kim អំពីគម្រោងរៀបចំព្រឹត្តិការណ៍ធំៗ របស់ស្ថានទូត ក្នុងពេលខាងមុខ និងបានស្នើក្រុមហ៊ុនចូល រួមហសហការគាំទ្រផងដែរ។

ទន្ទឹមនឹងនេះ លោក ឃួន ផុនរតនៈ បានប្រាប់លោក Kim ថា មានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើន មានបំណងទៅទស្សនា ប្រាសាទអង្គរវត្ត របស់កម្ពុជា ។ ដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យ លទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្ត ដោយផ្ទាល់ទៅកាន់ខេត្តសៀមរាប។

ជាការឆ្លើយតប លោក Kim បានមានប្រសាសន៍ថា ក្រុមហ៊ុន Sky Angkor Airlines ក៏មានគម្រោងរៀបចំជើង ហោះហើរត្រង់ទៅខេត្តសៀមរាបសម្រាប់រដូវរងារ ខាងមុខនេះផងដែរ៕

To Top