ស្វាយ ម៉ាកយីហោ «Romdoul» កំពុងលក់លើទីផ្សារកូរ៉េ ពិតជាមានប្រភពដើម មកពីកម្ពុជា
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ផ្លែស្វាយ ដែលមានម៉ាកយីហោ «Romdoul» (រំដួល) កំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ ពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ។
ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនេះ ក្រោយឃើញមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែ ពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើម ថាជាទំនិញរបស់កម្ពុជានៅលើផលិតផលថៃ។
ពាក់ព័ន្ធករណីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា ផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺ ពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% ។
សេចក្តីបំភ្លឺបន្តថា ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថា ជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ ស្ថានឯកអគ្គរាជទូតបានចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ដើម្បីស្រាវជ្រាវ និងបានទៅដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយ។ ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក ពិតជាមានការច្រលំបិតស្លាកសញ្ញាថា ជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អំពាវនាវដល់អ្នកលក់ និងអ្នកចែកចាយទំនិញនានា ជៀសវាងការក្លែងបន្លំប្រភពដើមនៃទំនិញ ជាពិសេសការបន្លំថាជាផលិតផលរបស់កម្ពុជា ដែលអាចប្រឈម នឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនេះ ក្នុងករណីមានមន្ទិលសង្ស័យ ឬជួបប្រទះការក្លែងបន្លំប្រភពដើមនៃទំនិញថា ជាផលិតផលរបស់កម្ពុជា អាចរាយការណ៍មកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ៕
