ព័ត៌មានជាតិ

កម្ពុជាកាន់តែយល់ច្បាស់ អំពីតម្លៃដ៏ថ្លៃថ្លា នៃសន្តិភាព

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ជាមួយនឹងការរំឭកខួបលើកទី៩ ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ ទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺ ជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន មានស្ថិរភាពនិងសន្តិសុខ។

លោកថា សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ។

អ្នកនាំពាក្យបញ្ជាក់ថា “ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់ អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងស្ថិរភាពសង្គម ហើយក៏ជាអ្វីដែលកម្ពុជា ត្រូវចងចាំ និងយល់ដឹងឱ្យបានកាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិត ប្រាកដរបស់ខ្លួន”។

សូមបញ្ជាក់ថា ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ៕

To Top