DAP News
ព័ត៌មានជាតិ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម បានដាក់ឱ្យដំណើរការ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋជិត ៩ពាន់គ្រួសារ

កំពង់ចាម ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀត ក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ សម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថ្ងៃនេះ បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ដែលបង្កើនអត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥។

គម្រោងដែលមានតម្លៃប្រមាណ ១២,៩៨ លានដុល្លារអាមេរិកនេះ បានបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដងដល់ប្រជាពលរដ្ឋក្នុងតំបន់សេវា ពី ៤៤.៩៥៥នាក់ ដល់ ៨៩.០៣០នាក់ និងបង្កើនចំនួនតំណចូលតាមខ្នងផ្ទះ ពី ១០,៤៦៤ ដល់ ១៩.៣៣៩ តំណ រួមទាំងគ្រួសារក្រីក្រចំនួន ៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធា រណៈ ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈដែលនគរូបនីយកម្ម និងឧស្សាហូបនីយកម្មកំពុងរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និងងាយស្រួលរស់នៅសម្រាប់កម្ពុជា»។

លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត គឺជាការវិនិយោគមួយដែលមានឥទ្ធិពលខ្លាំងបំផុតលើសុខភាព និងផលិតភាពរបស់ប្រជាពលរដ្ឋ។

លោក Laurent Raspaud នាយករង AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ភាពជាដៃគូរវាង ADB, AFD, សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា នេះបង្ហាញពីអ្វីដែលកិច្ចសហប្រតិបត្តិការពហុភាគីអាចសម្រេចបាន នៅពេលដែលវាត្រូវបានជំរុញដោយមហិច្ឆតារួមគ្នាគឺ ការផ្តល់នូវភាពប្រសើរឡើងប្រកបដោយចីរភាពនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមរំលឹកថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត មានកញ្ចប់ថវិកាសរុបប៉ាន់ប្រមាណគ្រាចុងគម្រោង ១០៨,៧៣ លានដុល្លារអាមេរិក រួមមានថវិកាបដិភាគចំនួន ១០,៤៥ លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា, ឥណទានចំនួន ៥០ លានដុល្លារអាមេរិកពី ADB, ឥណទានចំនួន ៤០លានអឺរ៉ូពី AFD, និងជំនួយឥតសំណងចំនួន ៤,៦៧ លានអឺរ៉ូ ពីមូលនិធិវិនិយោគអាស៊ីរបស់សហភាពអឺរ៉ុប ដែលគ្រប់គ្រងដោយ AFD៕

To Top