អនុប្រធានាធិបតីអាមេរិក បញ្ជាក់ថា ការដាក់ពង្រាយយោធាទៅប៉ូឡូញ គឺពន្យារពេលតែមិនលប់ចោលនោះទេ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអង្គារថា ផែនការដាក់ពង្រាយទាហានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាង ៤០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលបានគ្រោងទុកកាលពីថ្ងៃអង្គារ ត្រូវបានពន្យារពេលជាជាងការលុបចោល។
លោក Vance បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅសេតវិមានថា រដ្ឋបាល Trump មិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយ អំពីកន្លែងដែលកងទ័ព នឹងត្រូវបញ្ជូននៅទីបំផុតនោះទេ ។
លោកបាននិយាយទៀតថា ៖ វាជាការពន្យារពេល ក្នុងការបង្វិលទ័ព។កងទ័ពទាំងនោះអាចទៅកន្លែងផ្សេងទៀតនៅអឺរ៉ុប។
លោក Vance ក៏បានបន្ថែមថា ៖ យើងពិតជាមិនបានធ្វើការប្តេជ្ញា ចិត្តចុងក្រោយអំពីកន្លែងដែលកងទ័ពទាំងនោះ នឹងទៅនៅទីបំផុតនោះទេដោយរដ្ឋបាលលោក Trump កំពុងពិភាក្សាអំពីការផ្លាស់ប្តូរធនធានមួយចំនួននៅក្នុងវិធីមួយដែលបង្កើនសន្តិសុខរបស់អាមេរិក។
លោកបានរំលឹកឡើងវិញថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ចាំបាច់ត្រូវផ្តល់បន្ទុកផ្នែកការពារផ្ទាល់ខ្លួនបន្ថែមទៀត។លោក Vance បានបញ្ជាក់ទៀតថា ៖ យើងត្រូវតែមានអធិបតេយ្យភាពកាន់តែច្រើន ហើយអឺរ៉ុបកាន់តែឈរលើជើងពីររបស់ខ្លួនឲ្យបានរឹងម៉ាំង ។ នោះយើងនឹងបន្តជាគោលនយោបាយរបស់យើងនៅអឺរ៉ុបបានជាធម្មតា៕
ប្រែសម្រួល៖ស៊ុនលី
