DAP News
ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ទូតហូឡង់ ពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ ទុតហូឡង់ អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងមានស្រាប់រវាងប្រទេសទាំងពីរ។

ការថ្លែងប្រាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី ក៏បានជម្រាបជូន លោកឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូត បានអរគុណកម្ពុជា ដែលតែងតែគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ ព្រមទាំងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នាពេលកន្លងមក។

លោក បានបន្ថែមថា ហូឡង់ ក៏ដូចជាសហភាពអឺរ៉ុបគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ និងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកតាមច្បាប់៕

To Top