សម្តេចតេជោ មិនអនុញ្ញាតឱ្យបង្កើត គណបក្សចេញពីសម្ព័ន្ធភាព ហើយមកចូលរួមជាមួយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាឱ្យមានការបង្កើតគណបក្សនយោបាយ ចេញពីសម្ព័ន្ធគណបក្សទាំង២៩ ហើយមកសុំចូលរួមជា មួយសម្ព័ន្ធគណបក្សឡើយ ។
ក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចជំនួប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធគូសបញ្ជាក់ថា ក្នុងអង្គប្រជុំ សម្តេចតេជោ ហ៊ុន សែន ប្រកាសសង្កត់ធ្ងន់ថា នឹងមិនអនុញ្ញាតឱ្យមានការបង្កើតគណបក្សនយោបាយចេញសម្ព័ន្ធគណបក្សទាំង២៩ហើយមកចូលរួមជាមួយសម្ព័ន្ធជាដាច់ខាត ។ តែសម្តេចតេជោ ប្រធានគណបក្សក៏មិនបានហាមឃាត់បង្កើតគណបក្សនយោបាយថ្មីនោះទេ ពោលបើអ្នកណាចង់បង្កើតគណបក្សថ្មីអនុវត្តទៅតាមច្បាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបន្តថា “ប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់មិនគាំទ្រ ឱ្យចូលក្នុងសម្ព័ន្ធភាព ជាមួយគណបក្សសម្ព័ន្ធភាព នៅពេលដែលចេញបង្កើតគណបក្សថ្មី ប៉ុន្តែចេញពីគណបក្សសម្ព័ន្ធភាព ។ ប៉ុន្តែមិនមែនមានន័យថា ហាមមិនឱ្យបង្កើតគណបក្សទេ គាត់អាចបង្កើតគណបក្សធម្មតាបានតាមច្បាប់ត្រឹមត្រូវ ហើយគាត់ធ្វើនយោបាយធម្មតាផ្អែកតាមច្បាប់បោះឆ្នោត ច្បាប់គណបក្សអីជាធម្មតា”។
ចំពោះការប្រកាសរបស់សម្តេចតេជោបែបនេះ ត្រូវបានគណបក្សក្នុងសម្ព័ន្ធ២៨បក្សផ្សេងទៀត បានលើកដៃគាំទ្រ ។ លោក ម៉ម សូណង់ដូ ដែលជាប្រធានគណបក្សសំបុកសង្គមប្រជាធិបតេយ្យ បានបង្ហាញជំហរថា នេះគឺជារឿងត្រឹមត្រូវដែលត្រូវអនុវត្ត ចំពោះអ្នកមានបំណង ចេញទៅបង្កើតគណបក្សផ្សេង ហើយអាងមកសុំចូលរួមជាមួយ សម្ព័ន្ធគណបក្សទាំង២៩។
លោកបញ្ជាក់ថា “ខ្ញុំគាំទ្រ ១០០% ជៀសវាងអ្នកដែលមានគំនិតធ្វើគណបក្សនោះមិនបែកជាមួយគ្នា… អញស្គាល់សមាជិកនេះជាសមាជិករបស់អញតើ”។
សម្រាប់លោក ញឹក ប៊ុនឆៃវិញ ប្រធានគណបក្សរួបរួមជាតិ ក៏មិនខុសពីលោក ម៉ម សូណង់ដូប៉ុន្មានដែរ គឺគាំទ្រចំពោះការប្រកាស របស់ប្រមុខគណបក្សប្រជាជនកម្ពុជា ព្រោះនេះជាការល្អ ជៀសវាងឱ្យតែមានជម្លោះអ្វីកើតឡើង ហើយចេញទៅបង្កើតគណបក្សមួយទៀត ។
ដោយលោកអះអាងថា “ខ្ញុំគាំទ្រណាស់ចំពោះសម្តេចមានប្រសាសន៍ថា លោកមិនទទួលគណបក្ស ដែលសុំបង្កើតថ្មីចូលក្នុងសម្ព័ន្ធភាពទេ ដែលបែកចេញពីសម្ព័ន្ធភាព”។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ដូចរៀងរាល់ឆ្នាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំជាមួយសម្ព័ន្ធភាពគណបក្សទាំង២៩ ក្រោយពីការបង្កើតឡើងកាលពីឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ បានប្រារព្ធឡើងអស់រយៈពេលមួយព្រឹកដោយមានលទ្ធផលល្អ ជាទីគាប់ប្រសើរ សម្រាប់គណបក្សជាសម្ព័ន្ធភាព៕
