ព័ត៌មានជាតិ

រដ្ឋមន្រ្តីការជាតិ នឹងយកច្បាប់កាតព្វកិច្ចយោធា ទៅអនុវត្ត ឱ្យមានតម្លាភាព

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងអនុវត្តច្បាប់ កាតព្វកិច្ចយោធា ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។
ក្រោយបញ្ចប់ការចូលរួម ក្នុងសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងថា នឹងយកច្បាប់នេះទៅអនុម័ត ឱ្យមានតម្លាភាព និងគណនេយ្យភាព ខណៈរាជរដ្ឋាភិបាល នឹងមានអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីការពារដល់យុវជនជំនាន់ថ្មីនេះ ឱ្យបានអនុវត្តកាតព្វកិច្ចយោធាឱ្យមានប្រសិទ្ធភាព ជាពិសេសជាការផ្ដល់ឱកាសដល់យុវជនជំនាន់ថ្មី ចូលរួមចំណែកការពារជាតិ និងមាតុភូមិ ។
 

នាយឧត្តមសេនីយ៍បន្តថា យុវជនជាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬ មានសត្រូវឈ្លានពាន។ ក្រៅពីនេះ យុវជនជាប់កាតព្វកិច្ចយោធា នឹងទទួលបានការបណ្ដុះបណ្ដាល បន្ថែមដែលអាចក្លាយជាធនធានមនុស្សរបស់ជាតិ និងជាកម្លាំងជួយទៅដល់វិស័យការពារជាតិបន្ថែមទៀត ។ លោកសង្កត់ធ្ងន់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាក៏ពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជានោះឡើយ។
រដ្ឋមន្រ្តីការពារជាតិបញ្ជាក់ថា “យើងនឹងពាំនាំយកច្បាប់នេះ ទៅអនុវត្តឱ្យមានតម្លាភាព គណនេយ្យភាពដូចដែលការសំណូមពររបស់សមាជិកនៃព្រឹទ្ធសភា ។ ក្នុងនោះ យើងនឹងមានការព្រៀងអនុក្រឹត្យជាបន្តបន្ទាប់ដើម្បីការពារយុវជនជំនាន់ថ្មីនេះ នឹងបានអនុវត្តកាតព្វកិច្ចយោធាមានប្រសិទ្ធភាព”។
 
 សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ៨ជំពូក និង ២០មាត្រា ត្រូវបានធ្វើបច្ចុប្បន្នភាពតាមរយៈសេចក្តីព្រាងច្បាប់ថ្មី ដែលត្រូវបានអនុម័តទាំងស្រុង ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និងបានឆ្លងការអនុម័តពីរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនោះ ត្រូវបានសមាជិកព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

To Top