DAP News
ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ជួបនាយកអង្គការ សុខភាពពិភពលោក ផ្តោតសំខាន់លើវិស័យសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

ក្នុងជំនួបនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច អំពីការបន្តខិតខំយ៉ាងមុតមាំរបស់សុខាភិបាលកម្ពុជា លើការចូលរួមការពារសុខភាព សុខុមាលភាពប្រជាជនកម្ពុជា និងប្រជាជនតំបន់ ក៏ដូចជាសុខភាពប្រជាជនទូទាំងពិភពលោក ដែលការចូលរួមចំណែក និងការប្តេជ្ញាសម្រេចឱ្យបានតាមគោលដៅសកល នៃសមិទ្ធផលសុខភាពរបស់ប្រទេសសមាជិកនីមួយៗ ជាការមិនអាចខ្វះបាន។

លោកវេជ្ជបណ្ឌិត Saia Ma’u Piukala បានគូសរំលេចអំពីគំរូរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្ត និងសម្រេចបានគោលដៅសំខាន់ៗលើដំណើរផ្លូវនៃកិច្ចការសុខភាពសកល ដូចជា ការខិតខំលើផ្លូវដ៏ត្រឹមត្រូវនៃការអនុវត្តគោលនយោបាយសុខភាពបឋម និង ភាពជោគជ័យជំងឺឆ្លងផ្សេងៗ រួមទាំងការខិតជិតការលុបបំបាត់ទាំងស្រុងជំងឺគ្រុនចាញ់ ដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់ ។ ជាពិសេសទៅទៀតនោះ គឺគំរូកម្ពុជាលើការដឹកនាំ «សុខភាពតែមួយ-One Health» ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដោយផ្ទាល់ក្នុងព្រឹត្តការណ៍ជំនួបកំពូល One Health នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ក្នុងខែមេសា ថ្មីៗកន្លងទៅនេះ។

ឆ្លៀតក្នុងជំនួបដ៏ពិសេសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រាបពីសំណើសុខាភិបាលកម្ពុជា ដែលស្នើសុំការបន្ត និងបង្កើនការគាំទ្រ ការខិតខំរបស់កម្ពុជាលើកិច្ចការ និងដំណើរអនុវត្ត «សុខភាពតែមួយ» ភាពស៊ាំនៃមេរោគទៅនឹងថ្នាំផ្សះ (AMR) ភ្ជាប់ទៅនឹងការបំរែបំរួលអាកាសធាតុ ផែនការសកម្មភាពបង្ការជំងឺមហារីកនៅសហគមន៍ សុខាភិបាលឌីជីថល រួមបច្ចេកវិទ្យាជំនួយក្នុងវេជ្ជសាស្ត្រ និងការពាំនាំបន្ថែមជំនាញភាព លើការគ្រប់គ្រង វិភាគ ប្រើប្រាស់ទិន្នន័យសុខាភិបាល ផ្តោតលើការបង្ការ និងគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង៕

To Top