ព័ត៌មានជាតិ

ខេត្តព្រះវិហារ ប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសដល់ជនរងគ្រោះ នៃរបបប្រល័យពូជសាសន៍ និងការប្តេជ្ញាចិត្តការពារសន្តិភាពជារៀងរហូត

ព្រះវិហារ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីមីទ្ទីងគោរពវិញ្ញាណក្ខន្ធ និងរំលឹកវិញ្ញាណក្ខន្ធ ក្នុងឱកាស «ទិវាជាតិនៃការចងចាំ ២០ ឧសភា» យ៉ាងសមឡោឡា និងក្រៀមក្រំបំផុត នៅបរិវេណតំបន់ឧក្រិដ្ឋកម្ម១០៣ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីមីទ្ទីញជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាឧទ្ទិសកុសល និងសម្តែងការចងចាំយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់បំផុត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ។

នៅក្នុងឱកាសដ៏វិយោគនោះ គណៈអធិបតី និងអង្គពិធីទាំងមូល បានរួមគ្នាគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបានវេរប្រគេនស្លាដក និងបច្ច័យបង្សុកូលតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋស្លូតត្រង់ជាង ៣លាននាក់ ដែលបានចែកឋានទៅយ៉ាងអយុត្តិធម៌ក្នុងរបបអាវខ្មៅដ៏ឃោរឃៅនោះ។

ទិវាជាតិនៃការចងចាំ ២០ ឧសភា មិនត្រឹមតែជាការរំលឹកឡើងវិញនូវដំបៅដ៍ឈឺចាប់ និងការបាត់បង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដាស់តឿន និងជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីតម្លៃពិតប្រាកដនៃការស្វែងរកសន្តិភាព។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តព្រះវិហារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងសហគមន៍អន្តរជាតិ រួមគ្នាការពារ សន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សជារៀងរហូត ដើម្បីធានាថាជំពូកប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងអំពើឃោរឃៅបែបនេះ នឹងមិនអាចត្រឡប់មកលងបន្លាចនៅលើទឹកដីសុវណ្ណភូមិ ឬទីកន្លែងណាមួយនៅលើពិភពលោកជាថ្មីម្តងទៀតឡើយ៕

ដោយ សួន ពិសិត ដើមអម្ពិល

To Top