DAP News
ព័ត៌មានជាតិ

ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ២ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញ នៅវិទ្យាស្ថាន RPITST នៅខេត្តតាកែវ ដើម្បីទទួលបាន ប្រាក់ចំណូលសមរម្យ

តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ(RPITST) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែង ដោយផ្ដោតលើ ១០មុខជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំ ខែក្រោមកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M)។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មកត្រីមាសទីមួយនៃដើមឆ្នាំនេះ RPITST បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុបចំនួន ២ ១០២នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួ​សារក្រីក្រ និងងាយរងហានិភ័យចំនួន ៤៨៩នាក់។

ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ១០រួមមាន ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ជំនាញ​ការងារកំបោរ, ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញការថែទាំ និងជួសជុលរថយន្ត, ជំនាញ​ជួសជុលម៉ាស៊ីនធុនតូច, ជំនាញសេវាកម្មការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ជំនាញសេវាកម្មកុំព្យូទ័រ, ជំនាញសេវាកម្មម្ហូបខ្មែរ, ជំនាញសេវាកម្មសម្អាងកាយ, ជំនាញការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព និងជំនាញផ្សា​អគ្គិស​នី។

សម្រាប់វគ្គសិក្សាវគ្គថ្មី សិស្សានុសិស្សបន្តចុះឈ្មោះនៅក្នុងកម្មវិធី App TVET 1.5M និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៨ ៥២២ ៦៤៥/ ០១០ ៨៧៨ ឬអញ្ជើញមកវិទ្យាស្ថាន​ដោយផ្ទា​​ល់ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ខណ្ឌដូនកែវ ខេត្តតាកែវ៕

To Top