ព័ត៌មានជាតិ

សម្តេចធិបតី៖ ការកែសម្រួលស្ថាប័ន និងអគ្គនាយដ្ឋាន មិនមែនស្អប់មន្រ្ដីណាមួយនោះទេ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការកែសម្រួលស្ថាប័ន និងអគ្គនាយដ្ឋាន មិនមែនស្អប់មន្រ្ដីណាមួយនោះទេ គឺរៀបចំមនុស្សផ្អែកទៅលើលទ្ធផលការងារ និងរចនាសម្ព័ន្ធ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា គិតមកដល់នេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់ បានធ្វើការកំណែទម្រង់ចំនួន ១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

សម្តេចធិបតី បន្ថែមថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។

សម្តេចធិបតី មានប្រសាសន៍ថា «ចឹងការរៀបចំកែសម្រួលនៅតាមក្រសួង ស្ថាប័ន ឧទាហរណ៍ ក្រសួងការពារជាតិ ហើយមានបងប្អូនខ្លះ គាត់បញ្ចេញ កែសម្រួលទៅ ស្អប់អ្នកនេះ កាត់គេចោល គឺអត់ទេ គឺយើងរៀបចំលទ្ធផលការងារ ហើយរៀបចំមនុស្សផ្អែកទៅលើលទ្ធផលការងារ និងរចនាសម្ព័ន្ធ និងរបៀបរបបការងារ»។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា រាល់ការខិតខំប្រែងរហូតដល់សម្រេចបានសមិទ្ធផលទាំងនេះ គឺមិនងាយស្រួលឡើយ ដោយម្ខាំងរាជរដ្ឋាភិបាល ត្រូវការចំណូលដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ដ្រ ដើម្បីអភិវឌ្ឍជាតិ រក្សាលំនឹងជីវភាព និងលើកកម្ពស់សុខុមាភាពប្រជាពលរដ្ឋ និងម្ខាំងទៀត ប្រឹងប្រមូលចំណូល ក៏ត្រូវមានការចូលរួមពីវិស័យឯកជន៕

To Top