ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការកែទម្រង់មន្រ្តីកិច្ចសន្យាជំនាញ គឺអនុញ្ញាតឱ្យរើសអ្នកមានសមត្ថភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់មន្រ្តីជាប់កិច្ចសន្យាជំនាញ គឺអនុញ្ញាតឱ្យរាជរដ្ឋាភិបាល សម្រេចចិត្តជ្រើសរើសអ្នកមានសមត្ថភាព មកបំពេញបន្ថែមនៅកន្លែងការងារ ដែលមានតម្រូវការចាំបាច់ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការកែទម្រង់មន្រ្តីកិច្ចសន្យាជំនាញ ។ មន្រ្តីកិច្ចសន្យាជំនាញនេះ គឺអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចជ្រើសរើសអ្នកមានសមត្ថភាព និងធនធានគ្រប់គ្រាន់ពីផ្នែកឯកជន ដោយមិនចាំបាច់ឆ្លងកាត់មកច្រកធម្មតា។ ច្រកបែបនេះហើយដែលត្រូវមានភាពបត់បែន ដើម្បីរៀបចំការងាររបស់មន្រ្តីទៅតាមវិស័យ និងមានជំនាញរៀងៗខ្លួន ។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា “ឥឡូវយើងបើកច្រកមួយទៀត បានអនុវត្តហើយ ខ្ញុំបាននិយាយពីដើមអាណត្តិ គឺការកំណែទម្រង់មន្រ្តីកិច្ចសន្យាជំនាញ ។ កិច្ចសន្យាជំនាញនេះ គឺអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចយកធនធានពីក្រៅដោយមិនចាំបាច់តាមច្រកធម្មតា ។ ឧទាហរណ៍អាយុ៣០ឆ្នាំ ហើយមន្រ្តីថ្មី ជួនកាលមន្រ្តីចូលនិវត្តពីក្រសួង ពីស្ថាប័ន គាត់មានកម្រិតខ្ពស់ដល់ពេលគាត់ចូលទៅរើសមន្រ្តីបន្ថែមតែចំនួន តែយកមន្រ្តីកម្រិតទាបមកបណ្តុះបណ្តាល”។

សម្តេចធិបតីបន្តទៀតថា ដូច្នេះដោយអនុវត្តទៅតាមច្បាប់លកន្តិៈ ការដាក់មន្រ្តីប្រភេទថ្មីនេះ គឺអនុញ្ញាតឱ្យជាមន្រ្តីកុងត្រាបច្ចេកទេស ។ បានន័យថា នៅពេលមន្រ្តីចូលមកបំពេញការងារនៅក្នុងក្រសួង-ស្ថាប័ននូវនាតួនាទីចាំបាច់គឺអាចទាញយកមកតែម្តង ។

សម្តេចធិបតីបន្ថែមថា ពីមុនវិស័យឯកជនទៅរកមន្រ្តីពីវិស័យរដ្ឋ ប៉ុន្តែឥឡូវរដ្ឋទៅរកមន្រ្តីជំនាញពីវិស័យឯកជនវិញ ។ សម្តេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់ទៀតថា ការជ្រើសរើសមន្រ្តីចូលបម្រើការងារ ស្របទៅតាមតម្រូវការជាក់ស្តែង ៕

To Top