ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា វិស័យសុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ទាំងនៅថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ (JCI-Patient Safety Pathways)ដែលស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិ វាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ។

ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា នេះ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Neelam Dhingra អនុប្រធាន និងជាប្រធានទទួលបន្ទុក ផ្នែកសុវត្ថិភាពអ្នកជំងឺសកល នៃអង្គការអន្តរជាតិ (JCI) ដែលជាអង្គការវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ធំជាងគេនៅសហរដ្ឋអាមេរិក និងកម្រិតស្តង់ដារពិភពលោក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។

ជំនួបនេះមានគោលបំណង បង្ហាញពីការបន្តពង្រីកកិច្ចសហការ នៃការរៀបចំទទួលស្គាល់ស្តង់ដារសុវត្ថិភាពអ្នកជំងឺកម្រិតសកលសម្រាប់កម្ពុជា ដោយផ្តើមពីការចូលរួមឆ្លុះបញ្ចាំង និងអនុវត្តពីបណ្តាមន្ទីរពេទ្យជាតិ ហើយដែលនឹងត្រូវបន្តពង្រីកដល់គ្រប់មន្ទីរពេទ្យសម្ព័ន្ធមេត្រី និងសហគមន៍។

កម្ពុជាបានសហការអនុវត្តតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ នៅកម្រិតជាតិ និងខេត្តមួយចំនួន តាមរយៈការសិក្សាពីក្រុមការងារ JCI លើមន្ទីរពេទ្យគំរូចំនួន៣រួចមកហើយ ដោយបានបញ្ចូលលក្ខណៈវិនិច្ឆ័យសុវត្ថិភាពអ្នកជំងឺ កម្រិតស្តង់ដារអន្តរជាតិនៃJCI ទៅក្នុងប្រព័ន្ធវាយតម្លៃគុណភាពមន្ទីរពេទ្យ ។

សាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានសង្កត់ធ្ងន់លើទស្សនវិស័យសុខាភិបាលថា មិនមានគុណភាពទេ ប្រសិនបើសិនមិនមានសុវត្ថិភាព ដែល «សុវត្ថិភាពអ្នកជំងឺ» នេះគឺជាមូលដ្ឋានគ្រឹះដំបូងបង្អស់ សម្រាប់ការឈានទៅការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សក្ត័សិទ្ធិភាព និងសមធម៌ពិតប្រាកដ។

ចំណែកលោកស្រីបណ្ឌិត Neelam Dhingra បានកោតសរសើរចំពោះចក្ខុវិស័យនៃភាពជាអ្នកដឹកនាំសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការសម្រេចចិត្តជានយោបាយគាំទ្រពេញទំហឹង លើសុវត្ថិភាពអ្នកជំងឺ សម្រាប់ប្រជាជនកម្ពុជា និងគ្រប់អ្នកជំងឺទាំងអស់នៅកម្ពុជា ។ លោកស្រីបន្តថា នេះជាគំរូសម្រាប់ពិភពលោក ហើយកម្ពុជាត្រូវត្រៀមខ្លួនយកបទពិសោធ នៃការអនុវត្តដ៏ល្អនេះ មកបង្ហាញឱ្យពិភពលោកដឹង ត្បិតមានប្រទេសជាច្រើនទៀតដែលចង់រៀនសូត្រដកពិសោធន៍ពីសុខាភិបាលកម្ពុជាផងដែរ។
 
លោកស្រីបញ្ជាក់បន្ថែមថា អង្គការទទួលស្គាល់គុណភាពអន្តរជាតិJCI បន្តនៅជាមួយកម្ពុជា បន្តគាំទ្រ និងផ្តល់ប្រឹក្សាជំនាញ៕

To Top