ពលរដ្ឋ និងយុវជន មកពីគ្រួសារក្រីក្រជាង ៤ ០០០នាក់ទទួលបានជំនាញ និងចំណូលសមរម្យ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលក្នុងវិធី ១,៥លានរបស់សម្ដេចធិបតី
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤ ០០០នាក់ ទទួលបានជំនាញពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ត្រីមាសទី១ឆ្នាំ២០២៦ វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ដល់ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ៤ ៣៧០នាក់ ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសក្នុងកម្មវិធី TVET 1.5M ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

វិទ្យាស្ថាន NPIC កំពុងបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមចំនួន ២០មុខជំនាញ ដែលស្ថិតក្រោមកម្មវិធី TVET 1.5M ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃផងដែរ។ ក្នុងនោះមានមុខជំនាញទាំង ៦ ដែលមានសិក្ខាកាមចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេនៅក្នុងវិទ្យាស្ថាន។

ជំនាញទាំង៦ នោះរួមមាន ជំនាញនៃការផលិតនំ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការថែទាំនិងជួសជុលរថយន្ត, ការកែច្នៃបន្លែ និងផ្លែឈើ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញដែលស្របតាមតម្រូវការទីផ្សារការងារ និងអាចបង្កើតឱកាសរកចំណូលបានឆាប់រហ័ស ទាំងការបម្រើការងារនៅតាមស្ថាប័ន ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, មានអាយុចាប់ពី១៥ឆ្នាំឡើង, មានអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ ឬសំបុត្រកំណើត, និង មានបណ្ណសមធម៌(កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕



