ព័ត៌មានជាតិ

សមាគមធនាគារ រៀបចំទិវាសុវត្ថិភាពឌីជីថល ផ្តោតលើប្រធានបទ «ការពង្រឹងភាពធន់ និងសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា»

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃពុធ ទី២០ ខែឧសភា បានរៀបចំទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយផ្តោតលើប្រធានបទ «ការពង្រឹងភាពធន់ និងសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា»។ វេទិកានេះ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និយ័តករ អ្នកជំនាញផ្នែកសន្តិសុខសាប័រ ភ្នាក់ងារអនុវត្តច្បាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ។

កម្មវិធីនេះជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាអន្តរវិស័យ ចែករំលែកចំណេះដឹង និងបន្តសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថល ប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងផ្នែកសាយប័រដែលកាន់តែមានភាពស្មុគស្មាញជាងមុន។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ក៏អាចបង្កើនហានិភ័យនៃការរំខានទៅដល់ប្រព័ន្ធ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ការក្លែងបន្លំ/ការឆបោក បទល្មើសបច្ចេកវិទ្យា និងការលេចធ្លាយទិន្នន័យផងដែរ។ ឧប្បត្តិហេតុទាំងនេះ អាចបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ប៉ុន្តែអ្វីដែលផ្តល់ផលប៉ះពាល់ដ៏ធំបំផុតនោះគឺទំនុកចិត្ត។

លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ និយ័តករ ស្ថាប័នហិរញ្ញវត្ថុ ដៃគូបច្ចេកវិទ្យា និងសាធារណជន ដើម្បីទប់ស្កាត់ រកឱ្យឃើញ និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។

ថ្លែងសុន្ទរកថាបើកជាផ្លូវការ លោក លន់ សំអុល អគ្គនាយករងត្រួតពិនិត្យ និងជាតំណាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថិរភាព ភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារ។

លោកសំអុល បានបន្តថា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យា នៅដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសាយប័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថា TCRMG 2026 ដែលបានធ្វើបច្ចុប្បន្នកម្មពីសេចក្តីណែនាំចាស់ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា (TRMG)ឆ្នាំ២០១៩។

ព្រឹត្តិការណ៍នេះ ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការដោះស្រាយហានិភ័យតាមអ៊ីនធើណិត និងគាំទ្ររបៀបវារៈបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយរបស់កម្ពុជា។ ការពិភាក្សាបានផ្តោតលើមូលដ្ឋានគ្រឹះសុវត្ថិភាពឌីជីថល ទិដ្ឋភាពនៃការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ ក្របខណ្ឌបទប្បញ្ញត្តិ ការការពារទិន្នន័យ ការការពារការក្លែងបន្លំ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយស្ថាប័នហិរញ្ញវត្ថុរកឃើញ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រកាន់តែមានប្រសិទ្ធភាព៕

To Top