ព័ត៌មានជាតិ

សម្តេចធិបតី ៖ អគ្គនាយកដ្ឋានពន្ធដារ បានកែទម្រង់យ៉ាងច្រើន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា អគ្គនាយកពន្ធដាររបស់កម្ពុជាបានធ្វើការកែទម្រង់អស់រយៈពេលជាច្រើនខែ និងច្រើនអាណត្តិមកហើយ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានកោតសរសើរដល់អគ្គនាយកពន្ធដារដែលបានខិតខំធ្វើកំណែទម្រង់អស់រយៈពេលជាច្រើនអាណត្តិកន្លងមក ។

សម្តេចធិបតីបន្តថា “ក្រោមការដឹកនាំ របស់ឯកឧត្តម គង់ វិបុល ក៏មានការធ្វើកំណែទម្រង់ ពេលខ្លះគាត់ចូលទៅមួយម៉ោង ពន្យល់ខ្ញុំអំពីការធ្វើកំណែទម្រង់យ៉ាងម៉េច ឧបសគ្គយ៉ាងណា ។ បើមិនហ៊ានធ្វើ ត្រឹមតែពង្រឹងប្រសិទ្ធភាពតែមិនហ៊ានធ្វើ ខ្លាចអ្នកនេះខឹង ខ្លាចអ្នកនោះខឹង ខ្លាចធ្វើទៅបាត់អ្នកនេះ បាត់អ្នកនោះ មានបញ្ហា”។
សម្តេចធិបតីបន្ថែមថា ការកែទម្រង់បានផ្តល់ទម្លាប់សម្រាប់អ្នកទាំងអស់គ្នា បានយល់ច្បាសអំពីយុត្តិធម៌ និងមានភាពស្មើគ្នាដែលសហគ្រាស និងក្រុមហ៊ុនអាចទទួលយកបាន ។

សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះហើយបានបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជនដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ពង្រឹងបរិស្ថាននៃការប្រកួតប្រជែង របស់កម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានពន្ធ បន្តការកែទម្រង់បន្ថែមទៀត ៕

To Top