សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណាន សាទរការលើកលែងទិដ្ឋាការពីកម្ពុជា ដល់ប្រជាជនចិន
ភ្នំពេញ៖ សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណាន សាទរការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិនរបស់កម្ពុជា និងប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិន មកកម្ពុជាឱ្យលើសពីចំនួន ៣០០.០០០នាក់ ដែលកំពុងមានស្រាប់ ។

ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាន់ខ្ពស់ ចូលរួមជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការ លើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ ខេត្តហៃណាន។

ក្នុងជំនួបពិភាក្សានេះ លោក Sun Haigui បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការសម្របសម្រួលយ៉ាងកក់ក្តៅ ពីលោករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់់ខ្ពស់ទាំងវិស័យរដ្ឋ និងឯកជនរបស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ ចំពោះសក្តានុពល វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងបដិសណ្ឋារកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។

ជាមួយគ្នានេះ សហគ្រាសទេសចរណ៍ចម្រុះ ដែលគ្រប់គ្រងដោយរដ្ឋ និងសហគ្រាសទេសចរណ៍ឯកជនទាំង១៥ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រចំពោះការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការលើកលែងទិដ្ឋាការ សម្រាប់ប្រជាជនចិន ចូលទស្សនា និងស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ដែលត្រូវបានរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាបានកាន់តែច្រើន ក្នុងរដូវកាលបៃតងដ៏ពិសេសនេះ។

ទន្ទឹមនឹងនេះ សហគ្រាសទាំងអស់សន្យា នឹងប្រឹងប្រែងបន្ថែមក្នុងការនាំភ្ញៀវទេសចរចិនមកកម្ពុជា ឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ គួរបញ្ជាក់ផងដែរថា សហគ្រាសទេសចរណ៍ទាំងអស់នេះ បានសហការយ៉ាងសកម្ម ក្នុងការនាំភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជា បានច្រើនជាង៣០ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៦ មក។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិននិយាយជារួម និងរវាងរដ្ឋបាលខេត្តហៃណាន ក្រុងហៃគូ រួមទាំងវិស័យឯកជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។

ជាមួយនឹងការដាក់ឱ្យអនុវត្ត នូវការលើកលែងទិដ្ឋាការ ជូនប្រជាជនចិននាខែមិថុនា ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព បរិយាកាសល្អសម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិ វត្តមានជើងហោះហើរ Chartered Flights ២ដងក្នុងមួយសប្តាហ៍ ពិតជាអាចបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរកំសាន្ត របស់ភ្ញៀវទេសចរចិន និងកម្ពុជាទៅវិញទៅមកផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីចិន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា ដ៏ទាក់ទាញរបស់កម្ពុជា រួមជាមួយការលើកលែងទិដ្ឋាការ ជូនប្រជាជនចិនពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខឱ្យបានទូលំទូលាយ ដល់ប្រជាជននៅខេត្តហៃណាន និងតំបន់ផ្សេងៗទៀតរបស់ចិនផងដែរ។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ (Travel Influencers) ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជន នៃប្រទេសទាំងពីរ និងការជំរុញលំហូរទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើន៕




