លោកបណ្ឌិត កៅ ថាច ប្រាប់យុវជនពីបរិវត្តកម្មសេដ្ឋកិច្ច ទៅសេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង ក្នុងពេលខាងមុខ
មណ្ឌលគិរី ៖ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល,ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសន្ទរកថា និងបើកកម្មវិធី ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំឡើង ដោយផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី។

សិក្ខាសិលាដែលរៀបចំឡើងនៅខេត្តមណ្ឌលគិរីក៏មានការចូលរួមពីវាគ្មិនសំខាន់ៗ ដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តមណ្ឌលគិរីដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងកោតសរសើរដល់យុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេង និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានរៀបចំកម្មវិធីនេះឡើង ផ្តល់ជាចំណេះដឹងថ្មី ជាពិសេស យុវជនគណបក្សយើង ត្រូវតែចាប់យកឱកាសនិងចំណេះដឹងបន្ថែមទៀត ពីវាគ្មិនខាងលើដែលមានបទពិសោធន៍ ក្នុងការចែករំលែកជាគន្លឹះសម្រាប់ត្រៀមខ្លួន វិនិយោគនឹងអភិវឌ្ឍនៅខេត្តកណ្ឌលគិរីកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយអភិវឌ្ឍន៍ក្នុងខេត្តទាំងបួននៅភូមិភាគឦសានផងដែរ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ចែករំលែក ដល់យុវជនថា ក្នុងស្ថានភាដែលសេដ្ឋកិច្ចពិភពលោក កំពុងតែមានភាពមិនច្បាស់លាស់ហើយ ចំពោះអនាគតប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា និងអាជីវកម្មក្នុងប្រទេសយើងមិនស្ថិតនៅដដែលទៀតទេ ពេលនេះគឺអាចនឹងធ្វើបរិវត្តកម្មទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹងនិងសេដ្ឋកិច្ចបៃតង ក្នុងពេលអនាគត ដូច្នោះ ក្នុងនាមយើងជាយុវជនរបស់គណបក្សត្រូវត្រៀមខ្លួន តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹងឲ្យខ្លាំង នោះគណបក្សយើងនឹងខ្លាំងដែរ ជាពិសេសត្រូវរួមគ្នាវិនិយោគ ក្នុងស្រុកលើវិស័យកសិកម្ម បង្កើតការងារ និងមុខរបរថ្មីៗ ដើម្បីប្រែក្លាយទឹកដីខេត្តមណ្ឌលគិរី ទៅជាសេដ្ឋកិច្ចនិងកសិកម្មបៃតង ដែលមិនមានផលប៉ះពាល់ដល់បរិស្ថាននិងសង្គម។

លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ ផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួនទៀត ដល់សហគ្រិនវ័យក្មេង នៃយុវជនរបស់គណបក្សខេត្តមណ្ឌលគិរី អំពីការវិវត្តម៉ូឌែលអាជីវកម្មតាំងពីសម័យ អាណាចក្រអង្គរដ៏រុងរឿងនិងបច្ចុប្បន្នដែលម័យនោះ ខ្មែរយើងបានឡើងដល់ចំណុចកំពូលនិងអស្ចារ្យ ក្លាយជាអាណាចក្រទាំងសេដ្ឋកិច្ច វិទ្យាសាស្រ្ត ធនធានមនុស្ស និងជីវភាព រស់នៅប្រជាជន ដែលធ្វើឲ្យខ្មែរយើងខ្លាំងលើវិស័យ កសិកម្មហេតុដូច្នោះហើយក្នុងនាមយុវជន ត្រូវតែខំឲ្យដូចសម័យដើម តាមរយៈការពង្រឹងវិស័យវិស័យសហគ្រិនភាពយើងឲ្យខ្លាំង ដើម្បីកុំឲ្យសត្រូវគេមើលងាយជាតិយើង ។

ជុំវិញបញ្ហាប្រភពទុនវិនិយោគវិញ លោកបណ្ឌិត កៅ ថាច បានបញ្ចាក់ថា ធនាគារ ARDB ចាំតែជួយបងប្អូនជាសហគ្រិនវ័យក្មេង យើងទេឲ្យតែមានផែនការ អាជីវកម្មច្បាស់លាស់ ជាពិសេស មុនរកស៊ីនិងធ្វើកសិកម្មត្រូវចេះរកឲ្យឃើញថ្លៃដើមផលិតក្នុង១ឯកតាជាមុនសិន ទើបរកស៊ីមិនខាត ព្រោះថាកន្លងទៅបងប្អូនយើងបើគិតអំពីរឿងរកស៊ីនិងវិនិយោគ គឺ ផ្តោតតែលើវិស័យធនាគារមួយមុខ ដែលមិនបានគិតដល់ប្រភពទុនផ្សេងៗទៀតដូចជា ផ្សារភាគហ៊ុន និងវិស័យធានារ៉ាប់រង ដែលអាចជួយបងប្អូនបានយ៉ាងច្រើន តាមរយៈការបោះលក់សញ្ញាបណ្ណជាដើម។

លោកបណ្ឌិតបានផ្ញើសារថា ការវិនិយោគ គឺជាការបង្កើតការងារក្នុងស្រុក ហើយកុំមើលឃើញតែទីផ្សារក្នុងស្រុក ប៉ុន្តែត្រូវធ្វើពិពិធកម្មទីផ្សារនៅតំបន់អាស៊ាន។ ដូច្នោះ សហគ្រិនយើងមិនត្រឹមតែជាអ្នកកសាងនិងអភិវឌ្ឍធុរកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួម ក្នុងការកសាងសេដ្ឋកិច្ចជាតិនិងសង្គមឲ្យមានការរីកចម្រើន៕



