ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម ក្រោមស្មារតី បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌

ខេត្តព្រះវិហារ ៖ នៅសាលប្រជុំសាលាខេត្តព្រះវិហារ មានរៀបចំពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

ការកោតសរសើរចំពោះស្មារតីសាមគ្គីភាព និង ការបរិច្ចាគ ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងមូលនិធិរបស់សាខាកាកបាទក្រហមខេត្ត។

ថាមពលចលករ នៃការសង្គ្រោះបន្ទាន់ប្រធានកិត្តិយសសាខាបានគូសបញ្ជាក់ថា ថវិកាដែលទទួលបានពីការចូលរួមរបស់អ្នកឧបត្ថម្ភទាំងអស់ គឺជា «កម្លាំងចលករយ៉ាងសំខាន់មិនអាចខ្វះបាន» ដែលជួយឱ្យសាខាកាកបាទក្រហមខេត្តព្រះវិហារ មានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការបន្តសកម្មភាពមនុស្សធម៌។

ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់ចំគោលដៅ ក្នុងការចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ (ដូចជា គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ឬខ្យល់កន្ត្រាក់) ព្រមទាំងការជួយឧបត្ថម្ភដល់គ្រួសារទីទ័លក្រ និងជនងាយរងគ្រោះបំផុតក្នុងមូលដ្ឋានបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់នៅដាច់ឡែកឡើយ។

សកម្មភាពទាំងនេះមិន ត្រឹមតែបង្ហាញពីការអនុវត្តតាមប្រធានបទ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំង ពីវប្បធម៌ចែករំលែកដ៏រឹងមាំ និងការសាមគ្គីគ្នា រវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងវិស័យឯកជន នៅក្នុងការលើកកម្ពស់សុខុមាលភាព សង្គមជាតិទាំងមូលផងដែរ៕

ដោយ សួន ពិសិត ព្រះវិហារ ដើមអម្ពិល

To Top