ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១១ កក្កដា ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រជាជន»

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំជាថ្ងៃ «ទិវាជាតិប្រជាជន»។

បើសេចក្ដីសម្រេច, ការរៀបចំ ទិវាជាតិប្រជាជន ក្នុងគោលបំណង រំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្ត ផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួល ប្រជាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយភាពធន់ប្រជាជន និងប្រកបដោយសុខដុមរមនា។

លើសពីនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស វិស័យ ឯកជន និងគ្រឹះស្ថានសិក្សានានា ចូលរួមបំផុសដល់សាធារណជន ដើម្បីយកចិត្តទុកដាក់និងរួមគ្នាដោះស្រាយ បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ។

ក្រសួងផែនការ ត្រូវរៀបចំទិវាជាតិប្រជាជន ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងគ្រឹះស្ថាន សិក្សានានា ព្រមទាំងភាគីពាក់ព័ន្ធ៕

To Top