ក្រសួងការងារ និងក្រុមហ៊ុន Daikin របស់ជប៉ុន កំពុងពង្រីក ភាពជាដៃគូ ដោយដាក់គោលដៅរួមគ្នា អភិវឌ្ឍន៍ធនធាន មនុស្សផ្តោតលើសមត្ថភាពផ្នែកបរិក្ខារត្រជាក់
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែក ប្រតិបត្តិការសកលនៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍធនធានមនុស្សផ្នែកបរិក្ខារត្រជាក់នាពេលអនាគត ព្រមទាំងពង្រឹងគំនិតផ្ដួចផ្ដើម វិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជនផងដែរ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ នៅកម្ពុជា។ ជាក់ស្តែង ការសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយ គីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI) កាលពីខែមេសាកន្លងមក បានធ្វើឱ្យវិទ្យាស្ថាននេះក្លាយជា ស្ថាប័នអប់រំឈានមុខគេមួយ ហើយដែលភាពជាដៃគូនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់គ្រូ អភិវឌ្ឍន៍កម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពដល់សិស្ស ធ្វើឱ្យពួកគេទទួលបានការងារល្អ និងប្រាក់ខែសមរម្យពេលបញ្ចប់ការសិក្សា។

លោក ហេង សួរ មានប្រសាសន៍ថា កម្ពុជាកំពុង តែវិនិយោគយ៉ាងច្រើនលើកម្មវិធី TVET ដើម្បីបំពាក់ជំនាញឱ្យស្រប នឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេស ក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំង ពលកម្មក្នុងឧស្សាហកម្មនៃប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC)។ លោកគូសបញ្ជាក់ថា TVET គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រកម្ពុជា ក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មីស្រប តាមតម្រូវការឧស្សាហកម្ម។ មហិច្ឆតាកម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ គឺពឹងផ្អែកលើការកសាងកម្លាំងពលកម្មទំនើប ដែលមានជំនាញរឹងមាំ និងសមស្របសម្រាប់សេដ្ឋកិច្ចដែលកំពុងវិវត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកធនធានមនុស្សជាចំ ណុចស្នូលមួយនៃការអភិវឌ្ឍជាតិ។

ជាការឆ្លើយតប លោក អូម៉ូរី ជូនិឈិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី ដែលគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌល ដាយ គីន ដូចូ នៅវិទ្យាស្ថាន ITI។ លោកបញ្ជាក់ថា ឧស្សាហកម្ម និងការបណ្តុះបណ្តាលផ្នែក HVAC គឺពិតជាមានសារៈសំខាន់ណាស់ ហេតុនេះក្រុមហ៊ុនចង់ពង្រីកសកម្មភាពនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏មិនមែនគ្រាន់តែលក់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មក្រោយការលក់ ដែលធ្វើឱ្យមានតម្រូវការអ្នកបច្ចេកទេសប្រកបដោយចំណេះដឹងត្រឹមត្រូវ ជាពិសេសផ្តល់សេវាកម្មក្រោយការលក់ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ផាសុកភាពល្អជាងមុនដល់ប្រជាពលរដ្ឋ។

លោក ហេង សួរ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Daikin Industries Ltd កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែមានជំនាញ ផ្នែកម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេក្នុងការផ្តល់ ដំណោះស្រាយប្រកបដោយចីរភាពបរិស្ថានផងដែរ។

ភាគីទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួច ជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏គំរូមួយ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុន និងទីផ្សារការងារដែលនឹងជួយពង្រឹងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ និងធនធានមនុស្សរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា៕


