ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅអាម៉េរិក
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបទេស នៅថ្ងៃទី២២ ឧសភា នេះ ថា កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍ របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.» ដោយមាន លោក វ៉ាង យី រដ្ឋមន្ត្រី ការបរទេស និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ កណ្តាលបក្សកុម្មុយនីស្តចិន ធ្វើជា អធិបតី និងចូលរួមថ្លែងសុន្ទរកថា។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកឧបនាយករដ្ឋមន្ត្រី រំពឹងថានឹងអញ្ជើញចូលរួម ព្រឹត្តិការណ៍អមដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តា ប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរយោបល់លើបញ្ហា នានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញ ទៅមកផងដែរ៕
