ព័ត៌មានជាតិ

កម្ពុជា នៅតែជម្នះឧបសគ្គបាន ទោះជួបសង្គ្រាមថៃឈ្លាន និងសង្គ្រាមមជ្ឈិមបូព៌ា

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជាកម្ពុជា បានទទួលរងព្យុះភ្លៀង ដែលកើតឡើង ដោយសង្គ្រាមឈ្លានពាន ទឹកដី ពីសំណាក់ប្រទេសថៃ និងឥទ្ធិពលអវិជ្ជមាន ដែលកើតចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែកម្ពុជា នៅតែបន្តឈរជើងយ៉ាងរឹងមាំ ដោយជម្នះនូវឧបសគ្គទាំងនោះ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុងរយៈពេលប្រមាណជា ២ឆ្នាំចុងក្រោយនេះ កម្ពុជា បានជួបប្រទះនូវបញ្ហាសង្គ្រាមពីការឈ្លានពានរបស់ថៃ និងសង្គ្រាមពីមជ្ឈិមបូព៌ា តែកម្ពុជានៅតែបន្តជម្នះ នូវឧបសគ្គទាំងនោះបាន ។

លោកថា “បើទោះបីជាទទួលរងព្យុះភ្លៀងដែលកើតឡើង ដោយសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ និងឥទ្ធិពលអវិជ្ជមាន ដែលកើតចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តឈរជ្រែងជើងយ៉ាងរឹងមាំ ដើម្បីជម្នះឧបសគ្គទាំងនោះ”។

ការជម្នះនូវឧបសគ្គទាំងនោះ ត្រូវបានអ្នកនាំពាក្យអះអាងថា ដោយដៃម្ខាងរបស់រាជរដ្ឋាភិបាល ខិតខំការពារបូរណភាពទឹកដី តាមរយៈនយោបាយការទូតយ៉ាងសកម្ម និងម៉ឺងម៉ាត់ ប្រកបដោយភាពចាស់ទុំ ។ រីឯដៃម្ខាងទៀតខិតខំដាក់ចេញវិធានការ អន្តរាគមន៍នានា ដើម្បីជួយសម្រួលជីវភាព ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ ។
លោកបន្ថែមថា រាជរដ្ឋាភិបាលបន្តអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ដោយបោះជំហានទៅមុខឥតឈប់ឈរ ស្របតាមគោលនយោបាយដែលបានដាក់ចេញ ៕

To Top