ក្រសួងការងារ បើកសិក្ខាសាលាក សាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ នៅពេលមានអាសន្ននៅក្រៅប្រទេស
ភ្នំពេញ ៖ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា កសាងសមត្ថភាព លើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន នៅក្រៅប្រទេស នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពី លោក Koen Everaert ប្រធានស្តីទីកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោកស្រី Nellie Ghusayni ប្រធានបេសកកម្មអង្គការ IOM ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អនុព័ន្ធការងារ, សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា, ទីភ្នាក់ងារជ្រើសរើសឯកជន, អង្គការជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹង សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការបង្ការ កាត់បន្ថយហានិភ័យ និងដោះស្រាយបញ្ហាដល់ជនទេសន្តរប្រវេសន៍ ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកតាំង ផេងរិទ្ធី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស ដែលជាជំហានដ៏សំខាន់មួយសម្រាប់ពង្រឹងយន្តការ ឆ្លើយតប និងសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត អង្គការដៃគូ និងវិស័យឯកជន ដើម្បីអាចផ្តល់ការគាំទ្រ និងអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោក ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ដែលនៅក្នុងយុទ្ធសាស្ត្រទី៤ ស្តីពី “ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព” បានកំណត់ការរៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន ដែលស្របនឹងគោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាពនេះ។

ជាមួយគ្នានេះលោក ក៏បានផ្តល់អនុសាសន៍ ណែនាំដល់សិក្ខាកាមចូលរួមសិក្ខាសាលាកសាងសមត្ថភាពឱ្យយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងពិភាក្សា និងចែករំលែកព័ត៌មានជាក់លាក់តាមប្រទេសទទួលនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលការណ៍ណែនាំមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាពិសេសផ្តោតសំខាន់លើដំណាក់កាលត្រៀមសម្រាប់មុនពេលមានអាសន្ន ការឆ្លើយតបបន្ទាន់នៅពេលមានអាសន្ន និងក្រោយពេលមានអាសន្ន។

ជាចុងបញ្ចប់លោក តាំង ផេងរិទ្ធី បានវាយតម្លៃខ្ពស់ចំពោះអង្គការ IOM ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អនិងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារនៅប្រទេសកម្ពុជា និងការការពារសិទ្ធិនិង សុខុមាលភាព របស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ការគាំទ្រ ដល់ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕



