រាជរដ្ឋាភិបាល ណែនាំឱ្យតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល និងរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំ ពីការតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រី ទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាននិងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។
យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗ បានឱ្យដឹងថា ការចេញសេចក្តីណែនាំនេះ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រសួង ស្ថាប័នក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ជាមួយគ្នានេះ ក៏ដើម្បីធានាដល់ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ស្របតាមអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ព្រមទាំងរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ៕





