ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំក្រសួងសុខាភិបាល បន្តត្រៀមវិធានការបង្ការ និងទប់ស្កាត់នូវការផ្ទុះឡើង នៃជំងឺអេបូឡា និងវីរុសហាន់តា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះ ឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវករណីជំងឺទាំងនេះក៏ដោយ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចធិបតី បន្ដថា ទន្ទឹមនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបន្តពង្រឹងវិធានការតាមដាននិងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវធានាថាគ្រប់យន្តការបង្ការ និងការឆ្លើយតបត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវ ករណីជំងឺទាំងនេះក៏ដោយ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានលើកឡើងថា ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអប់រំ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាផ្សព្វផ្សាយវីដេអូអប់រំដើម្បីឱ្យបងប្អូនយល់ដឹងអំពីសារសំខាន់នៃការចូលរួមសហការ ដូចជាការផ្តល់ អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ និងការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដែលនេះគឺជាការចូលរួម ទទួលខុសត្រូវក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ៕

To Top