រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរអំណាច ទៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានគុណភាព
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។

ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានាការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់ សេវាសាធារណៈឱ្យបានលឿន មានតម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំអំពីការពង្រឹងកិច្ចសហការអន្តរក្រសួង ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា ថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលដែលការចាត់ទុកកំណែ ទម្រង់ជាស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការដាក់ចេញផែនការ ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕





