ជនរងគ្រោះ ដោយសារចាញ់ បោកមេខ្យល់ ៦១នាក់ ទទួលបានឱកាសការងារ ស្របច្បាប់វិញហើយ ក្រោមកិច្ចអន្តរាគមន៍ ពីក្រសួងការងារ
ភ្នំពេញ ៖ បន្ទាប់ពីទទួលព័ត៌មានថា មានពលរដ្ឋមួយចំនួន បានចាញ់បោកមេខ្យល់ ក្នុងពេលដែលពួកគេស្វែង រកការងារធ្វើនោះ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវ: សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្ថាប័នពាក់ព័ន្ធ បានចុះទៅចុះឈ្មោះស្វែងរកការងារ និងរៀបចំកិច្ចសម្ភាសការងារដោយផ្ទាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងអ្នកស្វែងរកការងារធ្វើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ មានតំណាងក្រុមហ៊ុន និង សហគ្រាសធំៗចំនួន២ បានចុះទៅសម្ភាសផ្ទាល់និង ផ្តល់ឱកាសការងារ ដែលរួមមាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រ៉ូយ៉ាល់គ្រុប និងរោងចក្រ ប៊ូឃ័រ ដែលកំពុងត្រូវការបុគ្គលិកជាច្រេីននាក់។

យោងតាមរបាយការណ៍លទ្ធផលនៃកិច្ចសម្ភាសនេះ មានបងប្អូនប្រជាពលរដ្ឋ និងយុវជនចូលរួមសរុបចំនួន ៦១នាក់ (ស្រី ២៤នាក់)។ ជាលទ្ធផល ក្នុងនោះមានបេក្ខជនទទួលបានជោគជ័យជាប់ជាស្ថាពរភ្លាមៗ ចំនួន ២០នាក់ (ស្រី ៨នាក់) និងបេក្ខជនដែលជាប់ជាបឋម មានចំនួន ៤១នាក់។ ចំពោះបេក្ខជនដែលជាប់ជាបឋមនេះ ភាគីក្រុមហ៊ុនពាក់ព័ន្ធនឹងបន្តសម្របសម្រួល ពិនិត្យឯកសារ ក៏ដូចជាការធ្វើតេស្តបន្ថែមផ្ទាល់នៅទីតាំងរោងចក្រ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំង ៦១នាក់ខាងលើ គឺជាជនរងគ្រោះដោយសារការចាញ់បោកមេខ្យល់ ដែលបានលួងលោមជួយរកការងារឱ្យធ្វើ និងសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកការងារ និង ១២៨៦ សម្រាប់យន្តការដោះស្រាយបញ្ហាវិវាទការងារផ្សេងៗ៕





