ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង បណ្តាលឱ្យកម្មកររងគ្រោះ ៩៣នាក់ក្នុងនោះស្លាប់១៤នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីដែលបានកើតឡើង ព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះបណ្តាល ឱ្យបងប្អូនកម្មករនិយោជិត រងគ្រោះសរុបចំនួន៩៣នាក់ (សី ៧៤នាក់) ក្នុងនោះស្លាប់ចំនួន១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាលចំនួន ៦៤នាក់ (ស្រី ៥២នាក់) ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និង បណ្ដុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ករណីទី១ កើតឡើងនៅ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្ត ដឹកទំនិញធុនធំជាមួយ រថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួនី ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់)។ករណីទី២ កើតឡើងនៅភូមិថ្មី សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិតនិងរថយន្តដឹកជញ្ជូនកម្មករ និយោជិតដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។

ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងខិតខំជួយសង្គ្រោះនិងចាត់ចែងបញ្ជូន អ្នករងរបួសទៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ មន្ទីរពេទ្យបង្អែកខេត្ត និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យ
កាល់ម៉ែត្រ ។

គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃនេះ គឺជាថ្ងៃដែលសោកស្តាយបំផុត ដែលមានករណីបងប្អូនកម្មករនិយោជិត
ស្លាប់ច្រើនជាងគេ។ ក្រសួងនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនសុវត្តិភាពដឹកជញ្ជូនកម្មករ និយោជិត។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងថ្នាក់ដឹកនាំក្រសួង នឹងចុះទៅរៀបចំបុណ្យសព ដោយរាល់ការ ចំណាយ នៃពិធីបុណ្យសពជាបន្ទុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិ សន្តិសុខសង្គម ព្រមទាំងទទួលអត្ថប្រយោជន៍ស្របតាមច្បាប់ស្តីពីការងារ និងគោលរបបសន្តិសុខសង្គម។

ក្រសួងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្ត
ទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម៕

To Top