ព័ត៌មានជាតិ

កងរាជអាវុធហត្ថ បកស្រាយជុំវិញ ការឃាត់ខ្លួនស្រ្តី ២នាក់ នៅបុរី ជីប ម៉ុង ៦០ម៉ែត្រ ពាក់ព័ន្ធករណីហិង្សា និងលួចក្រវិលពេជ្រ តម្លៃជិត ៣ម៉ឺនដុល្លារ

ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បន្ទាប់ពីមានការផ្សព្វផ្សាយ និងការបញ្ចេញមតិផ្សេងៗ តាមបណ្តាញសង្គម ជុំវិញសកម្មភាពរបស់មន្ត្រីនគរបាល យុត្តិធម៌នៃកងរាជអាវុធហត្ថ ក្នុងការចុះអនុវត្តដីកាបញ្ជា ឱ្យចូលខ្លួនឃាត់ខ្លួនស្ត្រីចំនួន ២នាក់ កាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ។

​យោងតាមរបាយការណ៍ របស់ជំនាញនគរបាលយុត្តិធម៌ បានឱ្យដឹងថា ការចុះអនុវត្តនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវ L01 ផ្ទះលេខ១៣៨ ក្នុងបុរី ជីប ម៉ុង ៦០ម៉ែត្រ (ChipMong60M) ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានចុះអនុវត្តដីកាបញ្ជា ឱ្យចូលខ្លួនលេខ ១៨៥ អ.យ.ក និងលេខ ១៨៦ អ.យ.ក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការឃាត់ខ្លួន

ជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១. ឈ្មោះ ម៉ែន សុភាព ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ

២. ឈ្មោះ លី ហួរ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ

​ក្នុងអំឡុងពេលសមត្ថកិច្ចចុះអនុវត្តដីកា ជនសង្ស័យទាំងពីរនាក់ មិនត្រឹមតែមិនព្រមសហការ ជាមួយកម្លាំងសមត្ថកិច្ច ដែលស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវនោះទេ ថែមទាំងបានយកទូរស័ព្ទថតសកម្មភាពសមត្ថកិច្ច ប្រកែកថា សមត្ថកិច្ចមិនមានសិទ្ធិអនុវត្តដីកាតាមផ្លូវ និងចោទប្រកាន់ថា សមត្ថកិច្ចធ្វើខុសច្បាប់ទាំងស្រុង ប្រើពាក្យសម្តីអសុរោះដៀលត្មះថា សមត្ថកិច្ចសាហាវ ទទួលលុយគេមកកាក់ឡាន និងស៊ីលុយគេជាដើម ។

​ជុំវិញអង្គហេតុនៃរឿងរ៉ាវនេះ អ្នកនាំពាក្យបានពន្យល់ថា មុនឈានដល់ការចេញដីកាបញ្ជា ឱ្យចូលខ្លួនពីព្រះរាជអាជ្ញា អាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តយ៉ាងត្រឹមត្រូវ តាមនីតិវិធីអង្កេតបឋម ផ្អែកលើបណ្តឹងរបស់នារីរងគ្រោះម្នាក់ឈ្មោះ ឆែម ម៉េងហួង ដែលបានប្តឹងមនុស្សចំនួន ៥នាក់ (ស្រី ៣នាក់ ប្រុស ២នាក់ រួមមានឈ្មោះ ម៉ែន សុភាព, លី ហួរ, អាត់ ស៊ីណាត, ហ្សា ណា និងឈ្មោះ ណា ណា) ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស ដោយសារប្រើហិង្សា»។

​តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខ្លួននិងប្អូនរាប់អានម្នាក់ឈ្មោះ អា ជីង បានទៅលេងកម្មវិធីសង្ក្រាន្ត នៅផ្ទះអ្នកស្គាល់គ្នាឈ្មោះ ដាណែត ស្ថិតនៅផ្ទះលេខ៦៤ បុរីពិភពថ្មី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ នាឱកាសនោះ ពេលខ្លួនកំពុងដើរទៅបន្ទប់ទឹក ស្រាប់តែក្រុមជនសង្ស័យទាំង ៥នាក់ខាងលើ បានដើរចូលមក ដោយមានឈ្មោះ ហ្សា ណា ជាអ្នកថតវីដេអូ, ឈ្មោះ ណា ណា ហក់ទៅចាប់ឈ្មោះ អា ជីង, ឈ្មោះ អាត់ ស៊ីណាត ចាប់ដៃជនរងគ្រោះទាំងសងខាង ក្នុងនោះឈ្មោះ ម៉ែន សុភាព និងឈ្មោះ លី ហួរ បានព្រួតគ្នាវាយដំលើរូបនាងយ៉ាងធ្ងន់ធ្ងរ (មានរូបថតជាភស្តុតាង) ថែមទាំងបានលួចយកក្រវិលពេជ្រទំហំ ៨លី ចំនួនមួយគ្រាប់ តម្លៃ ២៧,០០០ ដុល្លារ រួចជម្លៀសខ្លួនគេចបាត់ស្រមោល ។

​អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សកម្មភាពអនុវត្តការងារ របស់មន្ត្រីកងរាជអាវុធហត្ថ គឺស្របទៅតាមច្បាប់ជាធរមាន។

ទោះជាយ៉ាងណា ភាគីនៃបណ្ដឹងកមានសិទ្ធិធ្វើការប្តឹងតវ៉ា តាមផ្លូវច្បាប់ផងដែរ ប្រសិនបើពិនិត្យឃើញថា មន្ត្រីនគរបាលយុត្តិធម៌ប្រព្រឹត្តកំហុសឆ្គង ហើយមន្ត្រីរូបនោះក៏ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដូចគ្នា។

​បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងស្ថិតក្រោមការសាកសួរ និងបន្តនីតិវិធីដោយកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

To Top