ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ពីស្ថានភាពព្រំដែន នៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង
ភ្នំពេញ ៖ តាមរយៈ សេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

កម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានា ការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នា រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណង ក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕







