DAP News
ព័ត៌មានជាតិ

ពលរដ្ឋ និងយុវជនមកពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៤ ០០០នាក់ នៅក្នុងខេត្តសៀមរាប ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ក្នុងក​ម្មវិធី១,៥លាននាក់របស់សម្ដេចធិបតី

សៀមរាប៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ចំនួន​ជាង ៤ ០០០នាក់ ទទួលបានការបណ្ដុះ​បណ្ដាល​ជំនា​ញ នៅ​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​ចំនួន ២កន្លែ​ងនៅក្នុងខេត្តសៀមរាប តាមរយៈកម្មវិធីវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​(TVET 1.5M) របស់​សម្ដេច​ធិបតី។

គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញ​នៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប(RPITSSR) និង​វិទ្យា​ស្ថាន​ពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់​ជូន​ការប​ណ្ដុះបណ្ដាល​ជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ នេះបើគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកត្រឹមត្រីមាសទី១ នៃ​ឆ្នាំ​២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាទរចំពោះការកើនឡើងនៃតួលេខអ្នកចុះឈ្មោះ និង​នៅ​តែបន្ត​អំពាវ​នាវដល់​យុវជន ប្រជាពលរដ្ឋ និងអតីត​ពលករដែល​វិលត្រឡ់ម​កពីប្រទេ​ស​ថៃ ដែលមិន​ទាន់មានជំនា​ញ សូម​ចុះឈ្មោះ ដើម្បី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ ដោយឥតគិតថ្លៃ អាចបង្កើនចំណូល ដើម្បីចាកចេញពីភាពក្រីក្រ។

គួរំលឹកថា ចាប់តាំងពីការប្រកាសអនុវត្តនូវកម្មវិធី TVET 1.5M ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២៤ រហូតត្រឹ​មត្រីមាស​ទី១ ឆ្នាំ​២០២៦នេះ សរុប ១៦៤,៦៧៧នាក់។ ក្នុងនោះមានអ្នកមានបណ្ណសមធម៍ ៧០,៧៨០នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញ​នៅទូទាំងប្រទេសកម្ពុជា៕

To Top